ច្រើនតែឃើញពិធីករកម្មវិធីកីឡា គន្ធ ជីវ័ន្ត ស្លៀកពាក់ស្រគត់ស្រគំ ដល់ប្តូរស្ទីលយុវវ័យម្ដងឡើងក្មេង
បើលើកយកពិធីករផ្នែកកីឡាមកបង្ហាញជូន មហាជនជាច្រើនច្បាស់ជាបានស្គាល់ហើយ លោក គន្ធ ជីវ័ន្ត ពិធីករដ៏ល្បីឈ្មោះ ដែលក្តោបប្រជាប្រិយភាពខ្លាំងលើវិស័យកីឡាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងនោះ មហាជនក៏បានដឹងថា ពិធីករផ្នែកកីឡារូបនេះ ក៏ជាកូនប្រុសបង្កើតរបស់តារាសម្តែងជើងចាស់ លោក គន្ធ តារាវណ្ណ ដែរ។
ជាការពិត បោះជំហានលើអាជីពជាពិធីករផ្នែកកីឡាមិនក្រោម ១៥ ឆ្នាំ នោះទេ លោក គន្ធ ជីវ័ន្ត ក៏ធ្លាប់មានវត្តមានក្នុងកម្មវិធីសិល្បៈកម្សាន្តនានាជាច្រើន។ លើសពីនោះ បើក្រឡេកមកមើលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីករផ្នែកកីឡារូបនេះ ក៏នៅតែក្តោបទីផ្សារ និង មានការគោរពរៀនសូត្រចំណេះដឹងផ្នែកពិធីករកីឡា ពីសំណាក់សិស្សប្អូនជំនាន់ក្រោយជាច្រើន។
យ៉ាងណាមិញ ថ្មីៗនេះ លោក គន្ធ ជីវ័ន្ត បានធ្វើឱ្យមហាជនប្លែកភ្នែកយ៉ាងខ្លាំង ក្រោយពីរូបភាពប៉ុន្មានសន្លឹករបស់លោកត្រូវបានអ្នកនាង ទូច ស្រីល័ក្ខ បង្ហោះលើគណនីហ្វេសប៊ុក ដោយបង្ហាញឱ្យឃើញពី លោក គន្ធ ជីវ័ន្ត បានផ្លាស់ប្តូរស្ទីលតុបតែងខ្លួនបែបយុវវ័យមើលទៅពិតជាស្រស់សង្ហាប្លែកភ្នែក។ ក្នុងនោះ អ្នកគាំទ្រក៏បានលើកឡើងថា ធ្លាប់តែឃើញ លោក គន្ធ ជីវ័ន្ត ស្លៀកពាក់ឈុតអាវធំ ឬ អាវយឺតបែបកីឡាអត្ថធិប្បាយ តែម្តងនេះលោកប្តូរស្ទីលស្លៀកពាក់ និង ធ្វើម៉ូដសក់យ៉ាងក្មេងជាងវ័យ៕