
Sandara អស់សំណើច ឆ្លើយតបបែបនេះ ក្រោយគេថា នាងជាតារាស្រីមានជាងគេបន្ទាប់ពី IU និង Lee Hyori
ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានស្គាល់ច្បាស់ហើយ នូវសមាជិកក្រុមចម្រៀងនារីកូរ៉េដ៏ល្បីកក្រើកបេះដូងយុវវ័យ 2ne1 គឺកញ្ញាសាច់ចាំវ័យ ៣៦ ឆ្នាំ Sandara Park ដែលតែងតែធ្លាប់ធ្វើឱ្យអ្នកគាំទ្រលង់ស្រឡាញ់បាក់ទឹកបាក់ដី ដោយសារតែសមត្ថភាព ព្រមទាំងអត្តចរិតរបស់នាង តាមរយៈបទចម្រៀងនានា ក៏ដូចជានៅក្រៅឆាកតន្ដ្រីនានាជាដើម។
ក្រោយប្រឡូកសិល្បៈមកជាងរាប់ឆ្នាំមកនេះ មើលទៅ Sandara បានប្រមូលចំណូលមិនតិចតិចឡើយ ទាំងក្នុងសិល្បៈ ក៏ដូចជាការថតផ្សាយស្ពតពាណិជ្ជកម្មឱ្យប្រ៊នល្បីៗជាច្រើន។ ហើយចំណូលសរុបរបស់នាងនេះដែរ ត្រូវបានគេប៉ាន់ស្មានថា មានរហូតដល់ទៅជាង ២០ លានដុល្លារឯណោះ ដែលធ្វើឱ្យគេជឿថានាងក្លាយជាតារាស្រីទី ៣ ក្នុងចំណោមតារាស្រីដែលមានទ្រព្យច្រើនបំផុតក្នុងសិល្បៈបន្ទាប់ពី IU និង Lee Hyori ។
យ៉ាងណាមិញ ទាក់ទងជាមួយនឹងរឿងមួយនេះ ថ្មីៗនេះ ស្រីស្រស់ Sandara ក៏បានឆ្លៀតទម្លាយអារម្មណ៍របស់ខ្លួននៅក្នុងកម្មវិធីកម្សាន្ត Problem Child in House ផងដែរ។
នាងបានឱ្យដឹងថា នាងបានអានរួចហើយពីព័ត៌មាន ដែលនិយាយថា នាងមានទ្រព្យរហូតដល់ជាង ២០ លានដុល្លារ ហើយថែមទាំងជាតារាស្រីមានជាងគេ នៅចំណាត់ថ្នាក់ទី ៣ ទៀត។ ក្នុងនោះ នាងបន្តយ៉ាងអស់សំណើចទៀតថា អានហើយ ហាក់ដូចជារៀងពិបាកចិត្តបន្តិចដែរ ព្រោះវាមិនមែនជាការពិតនោះទេ តែបើគិតយូរៗទៅ នាងក៏អាចជារកចំណូលបានប្រហែលជាខ្ទង់ៗនេះដែរ ប្រសិនបើនាងយកទៅដាក់ទុនក្នុងអចលនទ្រព្យ ជៀសវៀងយកទៅដើរទិញអីវ៉ាន់៕