ក្តៅខ្លាំងហើយ! លោក Nawat ទម្លាយថា Engfa ត្រូវស្នេហ៍ Tomboy ម្នាក់ផ្លុំត្រចៀត ទើបកើតរឿងរកាំរកូសគ្នា
ថ្មីៗនេះ ក្នុងពិភពបវរកញ្ញា Miss Grand របស់ថៃ ហាក់កំពុងតែមានការង្គោះរង្គើមិនតិចឡើយ ដែលក្នុងនោះមើលទៅដូចជាមានការចម្រូងចម្រាស់រវាងលោក Nawat ជាស្ថានិក Miss Grand ជាមួយនឹង Engfa ដែលជាម្ចាស់មកុដ MUT 2022។
ដំបូងឡើយ Engfa ត្រូវបានមហាជននាំគ្នារិះគន់ថា មួយថ្ងៃៗនាងគិតតែពីរការដើរលេងផឹកស៊ីសប្បាយ មិនគិតដល់ការហ្វឹកហាត់សមត្រៀមប្រកួតលើឆាកធំ ដែលនឹងខិតមកជិតមកដល់ប្រមាណ ១ ខែខាងមុខនេះ។ ក្នុងនោះ Engfa បានឱ្យដឹងថា រយៈពេលប្រមាណជាង ៥ ខែមកនេះ នាងបានធ្វើការមិនដែលឈប់ឡើយ ដោយមានការងារផ្សព្វផ្សាយការងារសិល្បៈហូរចូលមករហូត ទើបសម្រេចចិត្តសុំខាង Miss Grand សម្រាកចំនួន ២-៣ ថ្ងៃ តែប្រហែលដោយសារតែមានការយល់ច្រឡំ ទើបធ្វើឱ្យលោក Nawat គិតថា នាងបានគេចទៅដើរលេង។
ក្នុងនោះ Nawat ក៏បាន វីដេអូនៅតាមបណ្តាញសង្គមទម្លាយទៅវិញបែបនេះថា Engfa កំពុងតែមានទំនាក់ទំនងស្នេហាជាមួយតារាម្នាក់ដែលជា Tomboy ហើយកាលដែលនាងបាត់ខ្លួនទៅពីរបីថ្ងៃមុននេះ គឺនាងបានទៅដើរលេងជាមួយគេនៅដល់ឯប្រទេសសិង្ហបុរីឯណោះ។
លោកបានសង្កត់ធ្ងន់ទៅតារាម្នាក់នោះថា គេជាអ្នករៀបគម្រោងដើរលេងនេះទាំងអស់ លោកក៏ថែមទាំងនិយាយទៀតថា ឱ្យគេមកជួបជាមួយនឹងលោកផ្ទាល់ បើសិនជាគិតចង់មកបង្ករឿងរញ៉េរញ៉ៃបែបនេះ។ លោកធ្វើគ្រប់យ៉ាងដើម្បីតែការពារ Engfa លោកដឹងថាស្នេហាវាជារឿងផ្ទាល់ខ្លួន ប៉ុន្តែបើមានស្នេហាហើយ ធ្វើឱ្យមិនខ្វល់ពីតួនាទី មិនមើលពីកាលៈទេសៈនោះ ស្នេហានេះគឺជាស្នេហាអាត្មានិយមហើយ មនុស្សបែបនេះមិនគួរឱ្យទាក់ទងនោះទេ។
លោកបន្តទៅកាន់តារាម្នាក់នោះទៀតថា កាលពី Engfa មិនទាន់ល្បីម្តេចមិនឃើញមុខ គ្រាន់តែ Engfa ល្បីភ្លែត ក៏លេចមុខមកក្បែរស្រឡាញ់នាងភ្លាម ចេះផ្លុំត្រចៀកនាងឱ្យធ្វើនេះធ្វើនោះរហូត បើស្រឡាញ់នាងមែន គួរតែលែងនាងទៅ ឱ្យនាងត្រលប់មកផ្តោតលើការងារដូចមុនវិញ។ ចុងក្រោយ លោកបានប្រាប់ថា លោកមិនបានខឹង Engfa នោះទេ គ្រាន់តែមានការអន់ចិត្ត និង អស់សង្ឃឹមប៉ុណ្ណោះ ព្រោះខំប្រឹងរុញមកយ៉ាងអស់ពីសមត្ថភាព តែបែរជាស្តាប់អ្នកដទៃជាងទៅវិញ៕