អីយ៉ាស់! ម្ចាស់បទ «ក្រមុំបីស្ទាយ» វុទ្ធា ល្បីខ្លាំងរហូតដល់បារាំង ពេលនេះកំពុងត្រៀមឡើងឆាកតន្ត្រីមួយនៅទីនោះ
បើលើកដល់តារាចម្រៀងប្រចាំផលិតកម្ម Klap Yahandz ច្បាស់ណាស់មហាជន ជាពិសេសយុវវ័យនិយមស្តាប់បទចម្រៀង បានស្គាល់មកហើយពីលោក វុទ្ធា ម្ចាស់បទ «ក្រមុំបីស្ទាយ» ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ក្នុងនោះ បទចម្រៀងរបស់តារាចម្រៀងមានស្នាមញញឹមពោរពេញដោយមន្តស្នេហ៍ វុទ្ធា មិនថាតែជាចង្វាក់ញាក់ មនោសញ្ចេតនា ឬ ប្រពៃណីនោះទេ គឺសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។
ស្របពេលប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាបានកើនជាលំដាប់ លោក វុទ្ធា ក៏ត្រូវបានគេដឹងថា លោកក៏មានអ្នកគាំទ្រជាជនជាតិបរទេសច្រើនដូចគ្នាដែរ ហើយនៅក្នុងខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ លោក វុទ្ធា ព្រមទាំងសមាជិកក្នុងផលិតកម្ម Kalp Yahandz មួយរូបទៀត គឺលោក RuthKo ក៏នឹងត្រៀមខ្លួនបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីក្នុងប្រទេសបារាំងផងដែរ។
គួរឱ្យដឹងថា នេះជាលើកទី ២ ហើយដែលលោក វុទ្ធា មានឱកាសក្នុងការបង្ហាញទេពកោសល្យ និង សមត្ថភាពសិល្បៈរបស់លោកដល់អ្នកគាំទ្រនៅទីក្រុងប៉ារីស ហើយកន្លងមកកាលពីទៅក្នុងឆ្នាំ ២០២០ លោកក៏ទទួលបានការគាំទ្រយ៉ាងសម្បើមពីមហាជន ដោយមានទាំងការអញ្ជើញចូលរួមកិច្ចសម្ភាសក្នុងស្ថានីយវិទ្យុរបស់បារាំងថែមទៀតផង៕