ក្រោយប្រឡងចប់បាន ៥ ថ្ងៃ ជួប ស្រីកែវ ទម្លាយរឿងមួយទៀតពាក់ព័ន្ធនឹករូបរាង ចាក់ដោតណាស់!
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition សប្តាហ៍ទី ២ បានបង្ហាញពីទេពកោសល្យរបស់បេក្ខភាពជាច្រើនរូបដែលសុទ្ធតែមានទឹកដមសំឡេងពីរោះ ធ្វើឱ្យគណៈកម្មការប្រគល់សន្លឹកមាសឈានទៅវគ្គបន្ត កាលពីរាត្រីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ។
ក្នុងសប្តាហ៍ទី ២ នេះ គេក៏ឃើញបេក្ខនារីម្នាក់ឈ្មោះ ជួប ស្រីកែវ ក៏បានបង្ហាញសមត្ថភាពច្រៀងរបស់ខ្លួនផងដែរ ប៉ុន្ដែអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់ ស្រីកែវ បែរជាទទួលរងពាក្យរិះគន់វាយប្រហារទៅលើរូបសម្បត្តិ ពិសេសគឺរូបរាងរបស់នាងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនតូច រហូតធ្វើឱ្យនាងប៉ះទង្គិចផ្លូវអារម្មណ៍មិនស្ទើរនោះទេ។
យ៉ាងណាក្រោយមតិរិះគន់ពីអ្នកលេងហ្វេសប៊ុកទាំងនោះត្រូវបានមហាជនផ្សេងទៀតបញ្ចេញយោបល់វាយបកក្នុងន័យការងារកិត្តិយស ផ្ដល់កម្លាំងចិត្តដល់ ស្រីកែវ បន្តបន្ទាប់ ថ្មីៗនេះ ស្រីកែវ ក៏បានទម្លាយឱ្យដឹងថា តាមការពិតមុនពេលសម្រេចចិត្តចូលរួមប្រឡងរហូតមានឱកាសបានបង្ហាញសមត្ថភាពលើឆាក Cambodia idol នេះ នាងបានដឹងមុនរួចទៅហើយថានឹងមានអ្វីកើតឡើង ហើយនាងក៏បានត្រៀមចិត្តនឹងទទួលយកវាផងដែរ។
ស្រីកែវ ទម្លាយថានាងមិនខឹង មិនយំស្រែកឱ្យគេអាណិតនាងទេ ព្រោះនាងបានយំឆ្អែតឆ្អន់ ហើយក៏ខូចចិត្តឆ្អែតឆ្អន់ដែរ ៖ «ខ្ញុំធ្វើដោយការស្រឡាញ់ មុនប្រឡងមិនមែនខ្ញុំមិនគិតទេ គិតហើយ ខ្ញុំបានត្រៀមរួចហើយថានឹងប៉ះទង្គិចអារម្មណ៍ តែខ្ញុំទទួលយកគ្រប់បែបយ៉ាង គាត់អាចនិយាយត្រូវក្នុងសង្គមបច្ចុប្បន្ន មិនចាំបាច់ធ្វើដល់តារាទេ សូម្បីតែកន្លែងធ្វើការក៏គេរើសរូបសម្បត្តិដែរ យើងមានសមត្ថភាព 80% គេមានសមត្ថភាព 50% តែគេមានរូបរាងស្អាត គេប្រាកដជាជាប់ អរគុណច្រើន»៕