ក្រោយសង្ស័យមានបញ្ហាជាមួយភរិយា ស្រាប់តែ Oil Thana ចេញមកប្រកាសថាខ្លួននៅលីវបាត់
មួយរយៈក្រោយនេះ កំពុងតែមានផ្ទុះព័ត៌មានរឿងតារាសម្តែងប្រុស Oil Thana មានរឿងឈ្លោះប្រកែករកាំរកូសជាមួយនឹងភរិយារបស់ខ្លួន ដែលធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេ។
យ៉ាងណាមិញ ថ្មីៗនេះ លោកក៏បានចេញមុខមកទម្លាយរឿងក្នុងរង្វង់គ្រួសារ នៅក្នុងកម្មវិធីជជែកកម្សាន្តល្បីរបស់ Muddam ក្រោយពីបានសំងំកើតទុក្ខស្អិតទ្រូងអស់ជាច្រើនខែ។
តារាប្រុសរូបនេះ បានឱ្យដឹងថា ពេលនេះ លោកនៅលីវ ព្រមទាំងបានចែកផ្លូវដាច់ស្រេចជាមួយនឹងអតីតភរិយាហើយ តែលោកនៅតែបន្តតួនាទីធ្វើជាឪពុក និង រួមគ្នាមើលថែរក្សាកូនជាមួយនឹងអតីតភរិយាដដែល។
លោកបន្តទៀតថា បញ្ហានេះ ហាក់ធ្ងន់ធ្ងរណាស់សម្រាប់លោក ព្រោះរូបលោកតែងតែចង់សាងសុភមង្គលគ្រួសារឱ្យបានល្អបំផុត តែចុងក្រោយ វាក៏ត្រូវមកជួបរឿងបែបនេះទៅវិញ ហើយរយៈពេល ៣ ខែចុងក្រោយនេះ លោកមិនបានចេញទៅណាឡើយ ពោលគឺ លោកសំងំនៅតែម្នាក់ឯង គិតចុះគិតឡើងសព្វគ្រប់បែបយ៉ាង ខំប្រឹងបន្លប់ខ្លួនឯងកុំឱ្យពិបាកចិត្ត តែយូរទៅដូចជាបោកខ្លួនឯងដូច្នោះឯង។ យ៉ាងណាមិញ លោកក៏បានព្យាយាមដោះស្រាយបញ្ហាម្តងមួយៗដូចគ្នា។
ក្រោយទទួលបាននូវដំណឹងដ៏ភ្ញាក់ផ្អើលនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ បានគ្នាលើកទឹកចិត្តឱ្យតារាសំណព្វចិត្តរូបនេះ រឹងមាំឆាប់ដូចដើម ឆាប់ៗនេះផងដែរ៕