
ស្មានមិនដល់ មុនពេលក្លាយជាអ្នកគ្រប់គ្រងតារា តាមពិត Gatick ធ្លាប់មានប្រវត្តិធ្វើការមួយនេះ
កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តារាសម្តែងជើងចាស់នាយ Atom Samphanthaphap បានចូលខ្លួនផ្តល់កិច្ចសម្ភាសក្នុងកម្មវិធី «Kuy Zaab Show» ហើយបានគាស់កកាយពីសម្ព័ន្ធមិត្តភាពរវាងលោកជាមួយ Tangmo និង អ្នកគ្រប់គ្រងនាង Gatick ផងដែរ។
Atom បានរៀបរាប់ថា ៖ «លោកបានស្គាល់ Tangmo ប្រមាណជាង ១៥ ឆ្នាំហើយ តាំងតែសម័យក្មេងៗ លោកក៏ជិតស្និទ្ធជាមួយនឹង Mo Amena ផងដែរ។ អាចនិយាយបានថាក្នុងចំណោមក្រុមមិត្តជិតស្និទ្ធរបស់ Tangmo លោកអាចជាមនុស្សស្និទ្ធស្នាលជាមួយ Gatick ជាងគេ ព្រោះស្គាល់គ្នាតាំងពីអាយុ ១៥-១៦ ឆ្នាំ»។
«ក្រោយឃើញវីដេអូ Gatick ចូលសុំខមាទោសម្តាយ Tangmo ខ្ញុំហាក់ស្រងាកចិត្ត និង អន់ចិត្តជាខ្លាំង ព្រោះមិនគួរណានាងប្រើកាយវិការបែបនេះឡើយ។ ខ្ញុំទទួលស្គាល់នាងអាចស្ថិតក្នុងផ្លូវអារម្មណ៍មួយដែលអ្នកផ្សេងមិនយល់ពីនាង ខ្ញុំផ្ទាល់ក៏មិនយល់ពីនាង តែនាងមិនគួរបញ្ចេញអត្តចរិតបែបនេះចំពោះមុខចាស់ទុំ ជាពិសេសជាម្តាយរបស់មិត្តជិតស្និទ្ធ ហើយក៏ជាអ្នកមានគុណមួយរូបលើនាង»។
«កាលពីសម័យនៅក្មេងៗ Gatick មិនមែនជាមនុស្សបែបនេះទេ ជាមនុស្សមានទឹកចិត្តល្អម្នាក់ ដែលចំណុចនេះហើយធ្វើឱ្យខ្ញុំកើតក្តីសង្ស័យថា មានរឿងអ្វី? ហេតុអ្វីបានជាមិនជួយមិត្តភក្តិ? ថាមិនអាចជួយអ្វីបានក៏ហីចុះ តែយ៉ាងហោចណាស់គួរនៅកន្លែងកើតហេតុ រង់ចាំមិត្តភក្តិ មិនគួរណារត់ចោលគ្នាបែបនេះទេ»។
Atom បន្ថែមថា ៖ «ចំពោះ Tangmo, Gatick គឺជាមិត្តល្អម្នាក់ដែលរាប់អានគ្នារាប់ឆ្នាំ ហើយ Tangmo គឺជាអ្នកជួយស្រោចស្រង់នាងឱ្យមានអាជីពល្អ និង ការងារល្អមានជីវិតប្រសើរជាងមុន។ កាលពីស្គាល់ដំបូងៗ Gatick មានការងារជាក្មេងឈរលក់ ឬ ផ្សាយផលិតផល ឬ ឡង់សេស្រាបៀរ អ្វីបែបនេះ។ ក្រោយបានជួប Tangmo នាងក៏បានក្លាយជាអ្នកចាត់ការតារា ជាពិសេសគឺជាតួឯកស្រីដែលមានកេរ្តិ៍ឈ្មោះល្បីប្រចាំប្រទេសថែមទៀត»។
«និយាយនេះ មិនមែនមានន័យថាខ្ញុំមើលងាយ ឬ មិនឱ្យតម្លៃការងារមុននាងទេ ព្រោះគ្រប់ការងារទាំងអស់សុទ្ធតែមានតម្លៃ។ គ្រាន់តែឆ្ងល់ថាហេតុអ្វីនាងដាច់ចិត្តទុកមិត្តភក្តិចោល ហើយត្រឡប់ទៅផ្ទះ? យ៉ាងណាមិញ អ្វីដែលខ្ញុំ និង អ្នកផ្សេងទៀតធ្វើបាននៅពេលនេះ មានតែរង់ចាំស្តាប់លទ្ធផល និង ភស្តុតាងពីខាងប៉ូលិស ទុកតួនាទីឱ្យប៉ូលិសជាអ្នកធ្វើការចុះ»៕