![ទោះស្ពាយរឿងអាស្រូវវៀចខ្លួន តែ សឿ សុធារ៉ា វិលមកសិល្បៈលើកនេះ ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង](https://www.popular.com.kh/wp-content/uploads/2021/12/Khom-2101.jpg)
ទោះស្ពាយរឿងអាស្រូវវៀចខ្លួន តែ សឿ សុធារ៉ា វិលមកសិល្បៈលើកនេះ ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង
«ឫស្យា» គឺជារឿងភាគខ្នាតធំប្រចាំឆ្នាំ ២០២២ ដែលដឹកនាំសម្ដែងដោយផលិតករខ្មែរលោក កៅ សីហា ម្ចាស់ស្នាដៃកុនភាគដ៏ជោគជ័យកាលឆ្នាំកន្លងទៅ ដែលទទួលប្រជាប្រិយភាពដ៏ក្រាស់ក្រៃពីមហាជនអ្នកទស្សនា ក្រោមចំណងជើង «រាជិនីភូមិគ្រឹះ» ជាស្នាដៃ និពន្ធដោយលោកសាស្ត្រាចារ្យ យូ សុភា និង គ្រប់គ្រងប្លង់ថតដោយលោក ឃុន រស្មី ហៅកូកា រួមនឹងតារាសម្ដែងគ្រប់ជំនាន់ ដែលពិសេសគឺការបង្ហាញខ្លួនឡើងវិញរបស់តារាដ៏មានប្រជាប្រិយភាពពីររូប គឺលោក ញ៉ែម សុគន្ធ និង អ្នកនាង សឿ សុធារ៉ា។
លើសពីការសម្រិតសម្រាំងក្រោម បរិបទសមាសភាព សមិទ្ធករ និង អ្នកនិពន្ធដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើវិស័យភាពយន្តរបស់ជាតិ ជាមួយការបង្ហាញអំពីម៉ូដសក់ សម្លៀកបំពាក់ របស់របរប្រើប្រាស់ និង ការរស់នៅ តាមរយៈរឿង «ឫស្យា» គឺជាភាពលេចធ្លោមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទូរទស្សនិកជន។
កាន់តែពិសេសទៀតនោះ គឺការវិលត្រឡប់នៃតារាសម្តែងដ៏ល្បី អ្នកនាង សឿ សុធារ៉ា សិល្បការិនីជើងចាស់ ដែលលេចវត្តមានប្រឡូកសិល្បៈម្តងទៀតក្រោយបាត់មុខពីវិស័យនេះមួយរយៈ ជាមួយនឹងការសម្តែងដ៏គួរឲ្យកោតស្ញប់ស្ញែង ជាតួអង្គកូនភ្លោះមានចរិតលក្ខណៈផ្ទុយគ្នាស្រឡះ ដែលម្នាក់ជាតួអង្គមានសម្តីស្រទន់ ចិត្តមានហេតុផល ស្មោះត្រង់មានគុណធម៌ពេញដោយចរិយាបវរប្រកបដោយការអធ្យាស្រ័យ ហើយតួអង្គម្នាក់ទៀតជាតួអង្គលោកស្រី ចិន្តាជាយក្ខិណី ចិត្តក្តៅឆេវឆាវ ពោរពេញដោយល្បិចកលកំណាចឫស្យា ដែលទំនាស់បញ្ហាបង្កើតបានជាខ្សែរឿងភាគដ៏គួរឱ្យរំភើប ចំណងជើងថា «ឫស្យា»៕
ប្រភពរូបថត៖ ផេក HANGMEAS HDTV