ឆ្ងាយពីសិល្បៈ តារានាមជាបងប្អូនថ្លៃ ៣ រូប កំពុងសម្រុកលើមុខរបរមួយដូចគ្នា
ជាការពិតណាស់ បើទោះជាមានសិល្បករ-ការិនីមួយចំនួនបានបញ្ឈប់ក្នុងអាជីពសិល្បៈក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្រតារាប្រុសស្រីទាំងនោះ នៅតែចង់ដឹងពីសុខទុក្ខ និង ជីវិតឯកជនរបស់ Idol ខ្លួន នៅក្រៅរង្វង់សិល្បៈផងដែរ។
ក្នុងនោះ គេបានឃើញមានសិល្បករ-ការិនី មួយចំនួន បានបញ្ចប់ជីវិតសិល្បៈសាងគ្រួសារ បង្កើតមុខជំនួញរៀងៗខ្លួន ហើយខ្លះទៀតក៏បានចាកចេញទៅរស់នៅឯក្រៅប្រទេសក៏មាន។
យ៉ាងណា បើក្រឡេកមកមើលសិល្បករ-ការិនី ប៉ុន្មានរូបខាងក្រោមនេះ ក្រោយពីបញ្ចប់អាជីពលើវិថីសិល្បៈ ហើយគាប់ជួនត្រូវបានគូស្រករសាងគ្រួសារក្លាយទៅជាសាច់ថ្លៃនឹងគ្នាផងនោះ ម្នាក់ៗបានសម្រុកបើករបររកស៊ីជាហាងលក់សម្លៀកបំពាក់យ៉ាងជោគជ័យដូចៗគ្នា។
១. លោក គង់ រ៉ាយុទ្ធ និង ភរិយា អ្នកនាង អ៊ឹម សុគន្ធា
អតីតតារាសម្តែងប្រុស លោក គង់ រ៉ាយុទ្ធ ត្រូវបានគេដឹងថា លោកមានហាងលក់សម្លៀកបំពាក់យីហោ «Rayuth Fashion» មុននឹងលោក រៀបការជាមួយនឹងអតីតតារាសម្តែងស្រី អ្នកនាង អ៊ឹម សុគន្ធា មកម្ល៉េះ។ តែក្រោយពីរៀបការចាប់ដៃគ្នាសាងគ្រួសារហើយនោះ លោក គង់ រ៉ាយុទ្ធ និង អ្នកនាង អ៊ឹម សុគន្ធា ក៏កាន់តែសម្រុកលើហាងលក់សម្លៀកបំពាក់កាន់តែខ្លាំង។ លើសពីនោះ អ្នកនាង អ៊ឹម សុគន្ធា ក៏មានហាងលក់ផលិតផលថែសម្រស់ផ្តាច់មុខរបស់ខ្លួនដែរ។
២. អ្នកនាង ផាន់ ម៉ូនីកា
អតីតតារាចម្រៀង ផាន់ ម៉ូនីកា ក៏ដូចគ្នាដែរ មុននឹងរៀបការនឹងប្អូនប្រុសទី ២ របស់លោក គង់ រ៉ាយុទ្ធ អ្នកនាង ក៏ជាអ្នកមើលការខុសត្រូវក្នុងហាង «Rayuth Fashion» របស់បងថ្លៃផងដែរ។ ក្រោយរៀបការរួច អ្នកនាង ផាន់ ម៉ូនីកា ក៏បានបើករបរលក់សម្លៀកបំពាក់បន្ថែមមានយីហោ «Kaka Fashion» ស្របពេលអ្នកនាងមានហាងសុគីស៊ុប និង ហាងផលិតផលថែសម្រស់ផ្ទាល់ខ្លួនដែរ។
៣. អ្នកនាង អេនជី
អតីតតារាចម្រៀង អេនជី ក៏ដូចគ្នាដែរ ក្រោយពីរៀបការនឹងប្អូនប្រុសពៅរបស់លោក គង់ រ៉ាយុទ្ធ អ្នកនាង ក៏បានបើកហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនយីហា «G21» យ៉ាងជោគជ័យ។ បន្ទាប់មកអ្នកនាង ក៏បង្កើនអាជីពលើការលក់ផលិតផលថែសម្រស់បន្ថែមទៀតដែរ៕