សឹងផ្កាប់ឆ្នាំងនឹងរឿងអាស្រូវជាមួយសង្សារចាស់ ឥលូវ Kim Seon Ho ត្រឡប់ចូលសិល្បៈវិញហើយ
កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងប្រុសកំពុងល្បី Kim Seon Ho បានធ្វើឱ្យកក្រើករញ្ជួយអស់វិស័យសិល្បៈកូរ៉េ ក្រោយពីនៅសុខៗមាននារីម្នាក់អះអាងថាជាអតីតមិត្តស្រីរបស់លោក បានចេញមុខមកបកអាក្រាតរឿងតារាប្រុសរូបនេះថា ធ្លាប់បង្ខំនាងឱ្យរំលូតកូនចេញ។
ក្នុងនោះ មិនយូរប៉ុន្មាន Kim Seon Ho ក៏បានចេញមុខមកទទួលកំហុស និង សុំទោសជាសាធារណៈផងដែរ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រទាំងអស់ចំហមាត់មិនចង់ជឿឡើយ ព្រោះមិននឹកស្មានថា តារាខ្លួនកំពុងពេញស្រឡាញ់ធ្លាប់ប្រព្រឹត្តអំពើបែបនេះ។
ជាមួយនឹងអាស្រូវដ៏ក្តៅគគុកនេះ Kim Seon Ho សឹងតែផ្កាប់ឆ្នាំងបាយបាត់បង់ការងារទៅហើយ ព្រោះត្រូវបានកម្មវិធីទូរទស្សន៍ផ្សេងៗបានប្រកាសដកពីសម្តែងចូលរួម ជាពិសេសគឺកម្មវិធី «2 days & 1 night» តែម្តង។ លើសពីនេះទៅទៀត ប្រ៊េនមួយចំនួនដែលជាប់កុងត្រាផ្សព្វផ្សាយពាណិជ្ជកម្មជាមួយលោក ក៏បានផ្អាកការផ្សព្វផ្សាយរបស់ខ្លួនផងដែរ ហើយរឿងដែលលោកត្រៀមសម្តែងក៏ត្រូវបានពន្យារពេលដូចគ្នា។
ក្រោយពីត្រូវបានក្រុមហ៊ុន Dispatch ទម្លាយរឿងរ៉ាវលម្អិតជុំវិញអាស្រូវនេះរួចមក គេឃើញតារាប្រុស Kim Seon Ho បានទទួលពន្លឺយុត្តិធម៌វិញហើយ ដោយលោកមិនបានបង្ខំឱ្យអតីតសង្សាររំលូតកូនចេញដូចនាងចោទនោះទេ ពោលគឺសុទ្ធតែមានការព្រមព្រៀងទាំងសងខាង។
យ៉ាងណាមិញ មិនយូរប៉ុន្មាន ឥលូវនេះ Kim Seon Ho ហាក់មានពន្លឺការងារវិញហើយ ព្រោះត្រូវបានប្រ៊េននានាចាប់ផ្តើមបន្តផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកឡើងវិញ ហើយលើសពីនេះទៅទៀត លោកក៏កំពុងត្រៀមថតសម្តែងរឿង «Sad Tropics» នៅក្នុងឆ្នាំនេះផងដែរ ដោយថែមទាំងមានដំណែងជាតួឯកប្រុសថែមទៀតផង។
មហាជនអ្នកគាំទ្រ ពិតជាចូលរួមត្រេកអរចំពោះតារាប្រុសរូបនេះណាស់ ព្រោះក្រោយពីទទួលរងព្យុះភ្លៀងយ៉ាងដំណំ ពេលនេះលោកបានត្រលឡប់មកបម្រើអារម្មណ៍ទស្សនិកជនវិញហើយ៕