
ព្រះ! ចង់បង្កើតក្រុមចម្រៀង ផលិតបទចម្រៀង ក្នុងវិស័យ K-POP ទាល់តែមានលុយខ្ទង់ប៉ុណ្ណេះ ទើបទៅរួច
ប្រិយមិត្តអ្នកគាំទ្រទាំងអស់ ប្រាកដជាបានឃើញមកហើយ នូវការបញ្ចេញបទចម្រៀង ឬ អាល់ប៊ុមនានាដ៏ទាក់ទាញ មានស្ទីលប្លែកៗថ្មីជាច្រើនរបស់ក្រុម K-POP ល្បីៗ ក៏ដូចជាការបង្កើតក្រុមតារាចម្រៀងប្រុសស្រីថ្មីៗជាបន្តបន្ទាប់ របស់ក្រុមហ៊ុនផលិតកម្មធំៗក្នុងវិស័យនេះផងដែរ ។
ធ្លាប់តែឃើញ ធ្លាប់តែស្តាប់ ប៉ុន្តែមានដឹងទេថា គេត្រូវចំណាយប្រាក់អស់ប៉ុន្មានទៅ ទម្រាំតែបានចម្រៀងមួយបទៗ ក៏ដូចជាការបញ្ចេញក្រុមថ្មីនីមួយៗ? តស់! ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំអារម្មណ៍មកដឹងត្រួសពីតម្លៃទូទៅពីការចំណាយទាំងប៉ុន្មាន ទៅលើការបង្កើតខាងលើនេះទាំងអស់គ្នា៖
បើតាមទិន្នន័យរបស់ក្រុមហ៊ុនផលិតកម្ម JYP ដែលជាផលិតកម្មធំមួយប្រចាំវិស័យ K-POP នៅកូរ៉េខាងត្បូង បានទម្លាយឱ្យដឹងថា គេត្រូវចំណាយរហូតដល់ ឬក៏អាចលើសពី ៧៨៦ ០០០ ដុល្លារ ក្នុងការហ្វឹកហាត់ក្រុមថ្មីមួយ ដែលតម្លៃនេះផ្អែកលើក្រុមបុរសដែលមានសមាជិក ៥ នាក់ ។ ហើយបូកជាមួយការបញ្ចេញចម្រៀងដំបូងជាផ្លូវការរបស់របស់ពួកគេផង ត្រួសៗគឺអស់ ១.៣៥ លានដុល្លារ ក្នុងការបង្កើតក្រុមថ្មីមួយ ។
ដោយឡែក ចំពោះការចេញចម្រៀងរបស់ក្រុមទូទៅវិញ ក៏មិនតិចប៉ុន្មានដែរ អាល់ប៊ុមខ្នាតតូចដែលមាន ៣ បទ ត្រូវចំណាយក្នុងការនិពន្ធ និង ថតសំឡេង សរុបអស់ ២៣ ៦០០ ដុល្លារ ហើយក្នុងការថតវីដេអូចម្រៀងក្នុងមួយបទយ៉ាងហោចណាស់ក៏អស់ ១៣១ ០០០ ដុល្លារដែរ។ បើថតបីបទអស់ ៣៩៣ ០០០ ដុល្លារ រួមជាមួយការថតរូបដាក់ក្នុងអាល់ប៊ុមជាង ១៧ ៥០០ ដុល្លារទៀត ។
លើសពីនេះទៅទៀត ក្នុងការប្រម៉ូតក្រុមនីមួយៗនៅលើឆាកតន្រ្តីតាមបុស្តិ៍ទូទស្សន៍ល្បីៗ ត្រូវចំណាយអស់សរុប ៤៣៧ ០០០ លានដុល្លារ ។ ដែលក្នុង ៤៣៧ ០០០ ដុល្លារនោះរួមមាន សម្រាប់ការបង្កើតក្បាច់រាំអស់ ៤៣ ៧០០ ដុល្លារ ប្រហែល ៨៧ ៣០០ ដុល្លារ ទៀតសម្រាប់អ្នករាំលើឆាក និង ១៤៨ ០០០ ដុល្លារ សម្រាប់សម្លៀកបំពាក់លើឆាករបស់តារា ហើយ ៨ ៧៣០ ដុល្លារ សម្រាប់ការតុបតែងមុខ ព្រមទាំងការប្រម៉ូតលើទីផ្សារផ្សេងៗទៀតអស់ ១៣១ ០០០ ដុល្លារ ថែមថ្លៃកំប៉ិកកំប៉ុកទូទៅអស់ ១ ៧៥០ ដុល្លារពីលើថែមទៀត ។
យ៉ាងណាមិញ ប្រសិនបើក្រុមណាមួយដែលមិនបានធ្វើតាមបទបញ្ជាក្រុមហ៊ុន ឬក៏មិនបានល្បីជោគជ័យទេនោះ ក្រុមនោះត្រូវគេរំពឹងថាអាចធ្លាក់ខ្លួនជំពាក់លុយក្រុមហ៊ុនរហូតដល់ជិត ៩០០ ០០០ ដុល្លារឯណោះ ។ ក្នុងករណីក្រុមនោះបានស្ថិតក្រោមការហ្វឹកហាត់ ក៏ដូចជាចុះកុងត្រាជាមួយក្រុមហ៊ុនផ្សេងៗ ក្រៅពីក្រុមហ៊ុនយក្សធំៗ ៣ គឺ SM , YG និង JYP ៕
ប្រភព៖ Koreaboo