
បែកធ្លាយសារមួយរបស់ អេដវីន ផ្ញើទៅមិត្តភក្តិរបស់ បញ្ចកា មុនពេលសមត្ថកិច្ចបញ្ជូលគេទៅព្រៃស
បើគិតមកដល់ពេលនេះ រយៈពេល ២ ថ្ងៃហើយ ដែលតារាសម្តែង អេដវីន ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារព្រៃស បន្ទាប់ពីត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬ អនិតិសង្វាសជន និង បទធ្វើឱ្យខូចខាតដោយចេតនា ហើយសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ននោះ ។
ដោយឡែក នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានបែកធ្លាយនូវសារមួយ ដែលតារាសម្តែងប្រុសខាងលើនេះ បានសុំទោស និង ស្តាយក្រោយនូវទង្វើរបស់ខ្លួន ដែលបានប្រើហិង្សាទៅកាន់ សុទ្ធ បញ្ចកា ជាគូស្នេហ៍ដែលលោកស្រឡាញ់ខ្លាំង ក៏ព្រោះតែការប្រចណ្ឌទប់អារម្មណ៍ខឹងមិនបាន ។ សារនោះដែរ គឺជាឆ្លងឆ្លើយរវាងលោក អេដវីន និង មិត្តភក្តិរបស់អ្នកនាង សុទ្ធ បញ្ចកា ។
ពាក្យសុំទោស និង ស្តាយក្រោយ លោក អេដវីន បានផ្ញើទៅកាន់មិត្តភក្តិរបស់អ្នកនាង សុទ្ធ បញ្ចកា តាមរយៈ Messenger បានរៀបរាប់ថា «សុំទោសណា Baby ខ្ញុំពិតជាស្ដាយក្រោយណាស់ នៅអ្វីដែលខ្ញុំបានធ្វើ ខ្ញុំពិតជាសុំទោសណាស់ បើទោះបីខ្ញុំខំបកស្រាយយ៉ាងណា ក៏ពិបាកឱ្យគ្រប់គ្នាលើកលែងឱ្យដែរ ។ តែគ្រប់យ៉ាងមកពីខ្ញុំស្រឡាញ់គាត់ពេក ខ្លាចបាត់បង់គាត់ពេក ប្រចណ្ឌគាត់ពេក ទើបធ្វើឱ្យខ្ញុំឃុំគ្រងអារម្មណ៍ខ្លួនឯងមិនបាន ។ បើពេលនោះខ្ញុំទប់អារម្មណ៍បានក៏មិនមានរឿងបែបនេះដែរ សង្ឃឹមថាគ្រប់គ្នាយល់ថាពួកខ្ញុំស្រឡាញ់គ្នា ខ្ញុំស្រឡាញ់គាត់ណាស់ គេគ្រប់គ្នាក៏ដឹង សឹងនៅបែកគ្នាមួយថ្ងៃមិនបានផង តែមកពីខ្ញុំប្រចណ្ឌខ្លាំងពេក ខ្ញុំពិតជាពិបាកធ្វើចិត្តណាស់ ពេលឃើញគេនៅក្បែរគាត់ម្តងហើយ ម្តងទៀត ! ខ្ញុំសុំទោស មកដល់ពេលនេះ ខ្ញុំពិតជាស្តាយក្រោយពិមែន សង្ឃឹមថាគ្រប់គ្នាយល់ពីចិត្តពួកខ្ញុំថាពួកខ្ញុំស្រឡាញ់គ្នា មិនចង់បាត់បង់គ្នា ។ យោគយល់ដល់ខ្ញុំផង បើមានឱកាស ខ្ញុំសូមសន្យាថា មិនមានរឿងបែបនេះលើមនុស្ស ដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតម្តងទៀតទេ» ៕