
Diana ហ៊ានបញ្ចេញសាច់ខ្នងស្រឡះល្វឹង ក្រោយល្បីថា Boy Pakorn លួចស្នេហ៍
កាលពីដើមឆ្នាំ ២០២១ កន្លងទៅ តារាសម្ដែងប្រុសជួរមុខលោក Boy Pakorn បានសារភាពថាលោកលួចស្រឡាញ់សិស្សប្អូនម្នាក់ដែលជាអ្នកសិល្បៈដូចគ្នាគឺនាង Diana Flipo ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាកន្លងមកអ្នកគាំទ្រតែងតែទន្ទឹមរងចាំមើលតារាប្រុសរូបនេះបង្ហាញមុខគូស្នេហ៍ស្ទើរតែផ្សារភ្នែក ខណៈមិត្តភក្ដិរួមជំនាន់ជាមួយលោកជាច្រើននាក់ សុទ្ធតែធ្លាប់មានសង្សារអស់ហើយ ។
គេចាំបានថា ក្រោយការសារភាពរបស់ Boy Pakorn មិនត្រឹមតែធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល ផ្ទុះការជជែកតៗគ្នាផ្អើលអ្នកគាំទ្រពេញបណ្ដាញសង្គមប៉ុណ្ណោះទេ តែសូម្បីតែតារាស្រី Diana Flipo ផ្ទាល់ នាងក៏ស្រឡាំងកាំងមិនស្ទើរដែរ ព្រោះថាអ្នកទាំងពីរមិនសូវជាជិតដិតនឹងគ្នាឡើយ ហើយពេលដែលនាងបានជួបនឹង Boy ផ្ទាល់ ក៏មិនឮលោកសារភាពអ្វីដែរ ។ តែយ៉ាងណា ក្រោយមកស្រីស្រស់ Diana Flipo បានប្រាប់តាមរយៈកិច្ចសម្ភាសមួយច្បាស់លាស់ហើយថា នាងចាត់ទុកប្រុសស្អាត Boy Pakorn ត្រឹមជាបងប្រុសប៉ុណ្ណោះ ។
ទោះបីជាបែបនេះ ចាប់តាំងពីល្បីថា Boy លួចស្នេហ៍មក ងាកទៅតារាស្រី Diana កាន់តែតុបតែងខ្លួនស្រស់ស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែងតាមរយៈរូបថតមួយសន្លឹកដែលតារាស្រីរូបនេះបានបង្ហោះនៅលើគណនីអ៊ីនស្ត្រាក្រាមផ្ទាល់ខ្លួន បានរំលេចពីភាពសិចស៊ីបញ្ចេញសាច់ខ្នងដ៏ស្រឡូនស្រមោចវារលើជ្រុះ ទាក់ភ្នែកមហាជនខ្លាំងបំផុត ដែលផ្ទុយស្រឡះពីកន្លងមក នាងច្រើនតែស្លៀកពាក់សុភាពៗ មិនសូវហ៊ានសិចស៊ីបែបនេះទេ ៕