មានរឿងអី? ជីជី ទម្លាយចរិតខ្លួនឯងចេញមកខ្ទេច គ្មានលាក់លៀមអីបន្តិច
ពិធីការិនីរាងតូចច្រឡឹង ជីជី បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនភ្ញាក់ផ្អើលមិនស្ទើរឡើយ ដោយនៅសុខៗ នាងស្រាប់តែទម្លាយអត្តចរិតខ្លួនឯងតាំងពីកើតមកបែបណាៗ បង្ហោះតាមរយៈបណ្ដាញសង្គមទម្លាយប្រាប់អ្នកគាំទ្រខ្ទេចគ្មានសល់ ។
ស្រីស្រស់ ជីជី បានរៀបរាប់យ៉ាងវែងអន្លាយលើគណនីហ្វេសប៊ុក និង IG ថា «តាំងពីកើតមកគឺខ្ញុំជាមនុស្សបែបនេះ ចរិតត្រង់ទៅត្រង់មក ច្បាស់ៗ សម្ដីអាក្រក់ខ្លះហើយក៏រាងឈ្លើយបន្តិចដែរ។ ចូលចិត្តលេងសើចច្រើនដើម្បីឱ្យជីវិតមានន័យ តែខ្ញុំស្មោះត្រង់នឹងមនុស្សដែលស្មោះត្រង់នឹងខ្ញុំដូចគ្នា។ ខ្ញុំមិនដែលគិតទៅច្រណែនជីវិតរបស់អ្នកណាទេ រាប់អានជាមួយគ្នាក៏ឱ្យអស់ពីចិត្ត ឃើញអីនិយាយប្រាប់ហ្នឹង មិនចូលចិត្តលាក់។ ខ្ញុំទម្លាប់ប្រដៅខ្លួនឯងថា បើអ្នកណាមកល្អដាក់ខ្ញុំ ខ្ញុំក៏តបស្នងដោយបេះដូង ហើយបើអ្នកណាបើកវែកដាក់ខ្ញុំ ត្រូវចាំខ្ញុំមិនមែនល្ងង់ពាក់ស្នែងទេ save ដាក់ក្នុងខួរជានិច្ច» ។
តែយ៉ាងណា មិនមែននៅសុខៗ ជីជី ស្រាប់តែនឹកឃើញបង្ហោះសារវែងរៀបរាប់ពីចរិតខ្លួនឯងបែបនេះឡើយ តែក្នុងនោះអ្នកគាំទ្រនាងមួយចំនួនបានយល់ថា ទំនងជាតារាស្រីរូបនេះ ក្នក់ចិត្តខឹងជាមួយអ្នកណាហើយ ទើបរៀបរាប់នូវពាក្យសម្ដីធ្ងន់ៗទាំងនោះ ជាក់ស្ដែងដូចត្រង់ឃ្លាដែល ជីជី បានលើកឡើងថា «បើអ្នកណាបើកវែកដាក់ខ្ញុំ ត្រូវចាំខ្ញុំមិនមែនល្ងង់ពាក់ស្នែងទេ save ដាក់ក្នុងខួរជានិច្ច» ៕