ផ្ទុះការសង្ស័យ Matt និងគូស្នេហ៍សេដ្ឋីហាយសូរ មានបញ្ហានឹងគ្នា ក្រោយនាងផុស Caption នេះ
បើគិតមកដល់ពេលនេះ តារាសម្ដែង Matt Peranee និង លោក Songkarn បានទាក់ទងគ្នារយៈពេលប្រមាណជា ២ ឆ្នាំមកហើយ ដោយរយៈពេលកន្លងមកនេះ អ្នកទាំងពីរកាន់តែស្រឡាញ់ផ្អែមល្ហែមជាមួយគ្នាច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្នុងពេលចុងក្រោយនេះ គេក៏ឃើញស្នេហារវាងអ្នកទាំងពីរកាន់តែល្អូកល្អិន ក្លាហានហ៊ានបង្ហាញឱ្យសាធារណជនបានឃើញ មិនតែប៉ុណ្ណោះ លោក Songkarn ក៏បាននាំមិត្តស្រីសំណព្វចិត្តទៅជួបស្និទ្ធស្នាលជាមួយគ្រួសារលោកទៀតផង ។
ដ្បិតតែស្នេហារវាងតារាស្រី Matt Peranee និង លោក Songkarn កន្លងមកមិនសូវជាមានទស្សនិកជនគាំទ្រប៉ុន្មាន តែពួកគេតស៊ូស្រឡាញ់គ្នាមិនរាថយឡើយ ។ ដោយឡែកស្រាប់តែថ្មីៗនេះ តារាស្រី Matt បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ងាកមកចាប់អារម្មណ៍លើទំនាក់ទំនងស្នេហ៍របស់នាងសាជាថ្មី បន្ទាប់ពីនាងបង្ហោះសារមួយក្នុងអត្ថន័យប្លែក ហាក់ដូចជាកំពុងមានបញ្ហាជាមួយមិត្តប្រុស ។
Matt Peranee បានបង្ហោះរូបថតម្នាក់ឯងមួយសន្លឹកលើគណនីអ៊ីនស្ត្រាក្រាម ព្រមជាមួយការរៀបរាប់ប្លែកៗខុសពីរាល់ដងក្នុងន័យថា «កំពុងគិតពេលវេលាដើរកម្សាន្តម្នាក់ឯង ហោះហើរតែម្នាក់ឯង ដើរម្នាក់ឯង ញ៉ាំម្នាក់ឯង អារម្មណ៍ដូចក្នុងរឿង Emily in Paris» ។
ក្រោយការបង្ហោះរបស់តារាស្រី Matt ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមួយនេះជាច្រើនបញ្ចេញយោបល់ក្នុងន័យស្រដៀងៗគ្នាថា នាងប្រហែលជាកំពុងមានបញ្ហាជាមួយ Songkarn ៕