មិនទាន់រៀបការតែ សូដា នីតា ត្រូវគូដណ្តឹងទុកចិត្តដល់ថ្នាក់នេះ!
តារាចម្រៀង និង សម្តែង សូដា នីតា បានទទួលស្គាល់ថា នាងពិតជាបានភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ ជាមួយតារាសម្តែងលោក យុទ្ធ ឋានៈ ពិតមែន តែយ៉ាងណា ពេលនេះនាងមិនទាន់មានគម្រោងរៀបការនៅឡើយទេ។
មិនទាន់ក្លាយជាប្តីប្រពន្ធនឹងគ្នាក៏ពិតមែន តែ សូដា នីតា ត្រូវបានអនាគតស្វាមីទុកចិត្តនឹងប្រគល់ប្រាក់របស់លោក ឱ្យនាងជាអ្នកកាន់ទៀតផង។ សូដា នីតា បានទម្លាយថា នាង និង គូដណ្ដឹង មានវ័យខុសគ្នាបន្តិចក្តី តែមិនមានអ្វីជាឧបសគ្គឡើយ ពោលគឺ ចំណងស្នេហ៍របស់អ្នកទាំងពីរកាន់តែផ្អែមល្ហែម រង់ចាំតែថ្ងៃរៀបការតែប៉ុណ្ណោះ។
មកទល់ពេលនេះ សូដា នីតា មិនទាន់កំណត់ពេលវេលាច្បាស់លាស់ ក្នុងការរៀបចំខ្លួនចូលរោងជ័យឡើយ។ តារាស្រីរូបនេះ ធ្លាប់ទម្លាយពីមូលហេតុ ដែលសម្រេចចិត្តជ្រើសយកលោក យុទ្ធ ឋានៈ ជាអនាគតស្វាមី ក្រោមហេតុផលថា តារាប្រុសរូបនេះ តែងតែធ្វើទង្វើល្អៗ សម្រាប់រូបនាង និង ក្រុមគ្រួសារ ជាពិសេស ចំពោះអ្នកម្ដាយនាងតែម្ដង។
គេចាំបានថា សូដា នីតា ធ្លាប់ពើបប្រទះនូវរឿងស្នេហាមិនសមប្រកបជាច្រើនដងហើយ តែសម្រាប់ចំណងស្នេហ៍លើកនេះនាងជឿជាក់ថានឹងមានលទ្ធផលល្អ ព្រោះថាមុននឹងសម្រេចចិត្តភ្ជាប់ពាក្យ នាង និង គូដណ្តឹងក៏បានយល់ចិត្តថ្លើមគ្នាច្រើនហើយដែរ៕