ថ្មីៗនេះ មានការបង្ហោះមួយលើបណ្ដាញសង្គមក្នុងប្រទេសចិនកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នៅពេលនារីម្នាក់ចេញមកប្រកាសទម្លាយថាគូដណ្ដឹងរបស់នាងគឺជាបុរសម្នាក់ក្នុងចំណោមបុរសជាច្រើនពាក់ព័ន្ធនឹងករណីញ៉ាំអាហារក្ដៅសាច់ជាមួយបុរសក្លែងបន្លំជាស្រីដាក់ឈ្មោះក្លែងក្លាយរបស់ខ្លួនថា ហុង។
ក្នុងការបង្ហោះនោះដែរ អមមកជាមួយរូបភាពរបស់នាង និង គូដណ្ដឹង ដែលថតរូបអាពាហ៍ពិពាហ៍ពោរពេញដោយក្ដីសុខជាមួយគ្នា ជាមួយនឹងសារដ៏ឈឺចាប់រៀបរាប់ថា៖ «គាត់ និង ខ្ញុំ បានទាក់ទងគ្នាជិត ៣ ឆ្នាំហើយ ខ្ញុំធ្លាប់គិតថាពួកយើងអាចដើរចូលរោងការជាមួយគ្នា។ គ្រួសារទាំងសងខាងក៏បានជួបគ្នា គ្រប់យ៉ាងគឺរួចរាល់អស់ហើយសម្រាប់ថ្ងៃមង្គលរបស់ពួកយើង។ តែយ៉ាងណា ចាប់តាំងពីហេតុការណ៍របស់ ចែហុង បានកើតឡើងមក ខ្ញុំសឹងតែមិនជឿភ្នែកខ្លួនឯងទាល់តែសោះ។ បងប្រើប្រាស់សម្ដីមកកុហកខ្ញុំ ក្នុងភ្នែកបងគឺគ្មានភាពស្មោះត្រង់ឡើយ។ ពាក្យសម្ដីដែលត្រជាក់បំផុតដែលបងនិយាយមកខ្ញុំគឺ «យើងបែកគ្នាដោយសន្តិវិធីទៅ បងសុំទោស»។ វាបានបំផ្លាញរាល់អនុស្សាវរីយ៍រយៈពេល ៣ ឆ្នាំកន្លងមកនេះ ហើយចុងបញ្ចប់ ខ្ញុំគឺគ្មានតម្លៃអ្វីសោះ»។
នារីដដែលបានបើកកកាយបន្ថែមនៅ comment ពីក្រោមការបង្ហោះរបស់ខ្លួន ដោយនាងបាននិយាយថានាងបានជីកសួរគូដណ្ដឹងនាងក្រោយឃើញវីដេអូនោះ ប៉ុន្តែអ្វីដែលទទួលបានគឺត្រឹមភាពស្ងាត់ស្ងៀមមិនតបតរបស់គេប៉ុណ្ណោះ។ នាងក៏បានប្រាប់រឿងនេះទៅគ្រួសារទាំងសងខាងផងដែរ។
រឿងរ៉ាវរបស់នារីជនជាតិចិនដែលរកឃើញថាគូដណ្ដឹងពាក់ព័ន្ធក្នុងវីដេអូអាសអាភាសរបស់ចែ ហុង បានធ្វើឱ្យមនុស្សជាច្រើនបង្ហាញការអាណិតអាសូរចំពោះនារីជាគូដណ្ដឹង ហើយក៏នាំគ្នារិះគន់ខ្លាំងទៅលើគូដណ្ដឹងរបស់នាងផងដែរ ដែលផិតក្បត់ និង ប្រព្រឹត្តទង្វើគ្មានសីលធម៌បែបនេះ៕