មុខរបរកាន់តែកាក់កប ទីផ្សារភាគហ៊ុនហក់ឡើង ធ្វើឱ្យមហាសេដ្ឋី Elon Musk ក្លាយជាបុគ្គលដំបូងក្នុងប្រវត្តិសាស្ត្រមានទ្រព្យសម្បត្តិសរុបឡើងដល់ជាង ៥០០ ពាន់លានដុល្លារអាមេរិក។
គិតត្រឹមម៉ោង ៤ និង ១៥ នាទីរសៀល ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) ទ្រព្យសម្បត្តិរបស់លោក Elon Musk បានហក់ឡើងដល់ ៥០០.១ ពាន់លានដុល្លារហើយ នេះបើតាមសន្ទស្សន៍ចុងក្រោយរបស់ទស្សនាវដ្ដី Forbes។ ការកើនឡើងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពិភពលោករូបនេះដែរ គឺបានមកពីការស្ដារឡើងវិញនៅភាគហ៊ុនរបស់ក្រុមហ៊ុន Tesla និង ការកើនឡើងតម្លៃនៃមុខជំនួញ startup មួយចំនួនរបស់លោក។
គួរបញ្ជាក់ថា លោក Elon Musk កាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ចំនួន ១២.៤% ដោយភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងជាង ១៤% ចាប់តាំងពីដើមឆ្នាំ ២០២៥ និង កើនខ្ពស់ជាងនេះរហូតជិត ៣.៣% ទៀតនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ដែលជាហេតុជួយឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះកើនឡើងបន្ថែមជាង ៦ ពាន់លានដុល្លារ៕