ស្ត្រីជាម្ដាយជនជាតិម៉ាឡេស៊ីម្នាក់ ថ្មីៗនេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមក្នុងប្រទេស ដោយសារតែនាងបានឱ្យកាដូខួបកំណើតកូនស្រីចូលវ័យ ៥ ឆ្នាំ ជារថយន្តទំនើបម៉ាក Mercedes G-Wagon មួយគ្រឿង ជាថ្នូរនឹងការយល់ព្រមចូលរៀន។ តាមឱ្យដឹង រថយន្តទំនើបមួយគ្រឿងខាងលើនេះគឺមានតម្លៃប្រមាណជាង ៤១ ម៉ឺនដុល្លារ។

ស្ត្រីខាងលើជាអ្នកជំនួញមានទ្រព្យស្តុកស្តម្ភម្នាក់ឈ្មោះ Farhana Zahra ដោយរូបនាងបានធ្វើការបង្ហោះវីដេអូមួយក្នុងថ្ងៃរៀបចំពិធីខួបកំណើតឱ្យកូនស្រី និង ធ្វើការពញ្ញាក់អារម្មណ៍នាងជាមួយកាដូដែលនាងតែងតែចង់បាន។ តាមរយៈវីដេអូនោះបង្ហាញឱ្យឃើញ កូនស្រីរបស់ Zahra ចងក្រណាត់ខ្មៅបិទភ្នែក មុននឹងនាំនាងដើរទៅទីធ្លាខាងមុខផ្ទះ ដែលមានរថយន្តធំមួយគ្រឿងដឹកឡានទំនើប Mercedes G-Wagon នៅក្នុងនោះ។

វីដេអូនោះដែរ បានសរសេរខេបសិនថា៖ «រីករាយថ្ងៃកំណើតអាយុ ៥ ឆ្នាំ កូន Nur Fatima Az zahra។ មើលនាងរីករាយណាស់ គ្រាន់តែទទួលបានឡាន G-Wagon ដែលនាងចង់បាន នាងស្រឡាញ់ខ្លាំងរហូតសុំកាន់សោទៀត ហាហា»។ បន្ថែមពីនេះ ក្នុងវីដេអូក៏បាននិយាយពីអារម្មណ៍របស់ Zahra ដែលសំណូមពរឱ្យកូនស្រីទៅរៀនឱ្យទៀងទាត់ ដោយឥលូវនាងទទួលបានឡានក្នុងក្ដីស្រមៃហើយ ដូច្នេះ Zahra សង្ឃឹមថាក្ដីស្រមៃរបស់នាងចង់ឱ្យកូនក្លាយជាគ្រូពេទ្យក៏នឹងក្លាយជាការពិតនៅថ្ងៃមួយដែរ។

គួរឱ្យដឹងថា មុនទទួលបានឡានទំនើប Mercedes G-Wagon កូនស្រីរបស់ Zahra ធ្លាប់បានប្រាប់ម្ដាយថា នាងចង់បានឡានទំនើបជាកាដូខួបកំណើត។ Zahra ក៏បានភ្ជាប់សំណួរទៀតថា ប្រសិនបើទិញឡានទំនើបឱ្យ តើនាងសន្យានឹងទៅរៀនទៀងទាត់ទេ? កូនស្រីក៏យល់ព្រមសន្យា ទើបក្នុងថ្ងៃខួបកំណើតនាងទទួលបានដូចបំណងបែបនេះ៕

