កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ មានការភ្ញាក់ផ្អើលដោយតារាចម្រៀងប្រុសហុងកុងម្នាក់ឈ្មោះ Keung To ត្រូវគេប្រទះឃើញធ្លាក់ចូលក្នុងសមុទ្រក្បែរផ្សារបោះដុំចំណីអាហារ Western Food Wholesale Market។ ជាសំណាងល្អ រូបលោកត្រូវបាននាវារបស់ Maritime ជួយសង្គ្រោះទាន់ពេលវេលា និង បញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យ។
តាមរបាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា តារាចម្រៀងប្រុស Keung To បានធ្លាក់ចូលក្នុងសមុទ្រក្រោយលោកផឹកថ្នាំ និង ផឹកគ្រឿងស្រវឹង។ ស្ថានភាពមួយនេះហើយធ្វើឱ្យគ្រប់គ្នាសង្ស័យថាតារាប្រុសវ័យ ២៦ ឆ្នាំរូបនេះ ប៉ុនប៉ងសម្លាប់ខ្លួនឯង។ យ៉ាងណាមិញ មិនទុកឱ្យសង្ស័យយូរ Keung To បានចេញមកបដិសេធដោយសុំឱ្យ Manager របស់លោកបង្ហោះ story បកស្រាយថា៖ «ខ្ញុំគ្រាន់តែជួបគ្រោះថ្នាក់បន្តិចបន្តួចដោយសារតែការធ្វេសប្រហែសដោយខ្លួនឯង។ ខ្ញុំមិនអីទេ ដូច្នេះគ្រប់គ្នាកុំមានការបារម្ភអី។ ខ្ញុំសង្ឃឹមថានឹងលែងមានការសង្ស័យអ្វីតទៅទៀត។ ខ្ញុំពិតជាសុំទោសមែនទែនដែលធ្វើឱ្យគ្រប់គ្នាបារម្ភ។ ពីខ្ញុំ Keung To»។
ទោះជាមានការបកស្រាយយ៉ាងណាក្ដី មហាជនមួយចំនួននៅតែបង្ហាញក្ដីបារម្ភខ្លាំងចំពោះស្ថានភាពរបស់ Keung To ដដែល។ គួរឱ្យដឹងថា Keung To កើតក្នុងឆ្នាំ ១៩៩៩ និង ចូលប្រឡូកសិល្បៈក្នុងនាមជាសមាជិកក្រុមចម្រៀង MIRROR ក្នុងឆ្នាំ ២០១៨។ លោកមានសមត្ថភាពឈ្នះការប្រកួតជាច្រើន និង បានក្លាយជាតារាចម្រៀង Canto-pop វ័យក្មេងដ៏ល្បីល្បាញនៅហុងកុង។
យ៉ាងណាមិញ វត្តមានរបស់ Keung To បានក្លាយជាគោលដៅនៃមតិរិះគន់មិនពេញចិត្តរបស់មហាជនក្រោយហេតុការណ៍ធ្លាក់ screen ទម្ងន់ ៦០០ គីឡូលើអ្នករាំ Li Kaiyan លើឆាកតន្ត្រីកាលពីឆ្នាំ ២០២២ កន្លងទៅរហូតធ្វើឱ្យអ្នករាំរូបនោះត្រូវពិការភាព។ រាល់ការចំណាយថ្លៃព្យាបាលរបស់ Li Kaiyan ទាំងប៉ុន្មានគឺខាងក្រុមហ៊ុនរបស់ក្រុមចម្រៀងប្រុស MIRROR ជាអ្នករ៉ាប់រងទាំងអស់ ហើយចាប់តាំងពីគ្រោះថ្នាក់លើឆាកតន្ត្រីពេលនោះមក ក្រុមចម្រៀង MIRROR គឺត្រូវបានផ្អាកការងារ លុបចោលកម្មវិធី និង tours តន្ត្រីរបស់ខ្លួនចោល៕