កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ នៅសង្កាត់ Kandhamal រដ្ឋ Odisha ប្រទេសឥណ្ឌា មានករណីកូនសិស្ស ៨ នាក់ រៀននៅសាលា boarding school (សាលាមានកន្លែងស្នាក់នៅ) ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយត្រូវមិត្តរួមបន្ទប់យកកាវមកបន្តក់លើត្របកភ្នែកខណៈកំពុងដេកលង់លក់។
តាមសារព័ត៌មាន The New Indian Express បានឱ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងលើសាលានៅភូមិ Salaguda សង្កាត់ Kandhamal រដ្ឋ Odisha ប្រទេសឥណ្ឌា។ ក្រោយញ៉ាំអាហារពេលល្ងាចរួច សិស្សទាំងអស់បានត្រឡប់ទៅបន្ទប់រៀងខ្លួនដើម្បីគេង ហើយពេលនោះហើយរឿងហេតុបានកើតឡើង ដោយខណៈកំពុងគេង ស្រាប់តែមានមិត្តរួមបន្ទប់ប៉ុន្មាននាក់លួចបន្តក់កាវចូលភ្នែកសិស្ស ៨ នាក់។ ព្រឹកឡើង សិស្សទាំងនោះបានភ្ញាក់ដឹងខ្លួនតែមិនអាចបើកភ្នែកបាន នាំគ្នាស្រែកភ័យស្លន់ស្លោធ្វើឱ្យសិស្សដទៃផ្អើលរត់ទៅប្រាប់គ្រូ។
គ្រូម្នាក់បានមកដល់ភ្លាមៗ ហើយក៏បាននាំសិស្សរងគ្រោះទាំងនោះទៅកាន់មណ្ឌលសុខភាព។ ពេលទៅដល់ គ្រូពេទ្យបានរកឃើញថាភ្នែកពួកគេត្រូវបានជាប់កាវ ហើយក៏យកទឹកក្ដៅឧណ្ហៗ និង ថ្នាំសម្លាប់មេរោគលាងភ្នែករបស់ពួកគេ។ ក្រោយការសង្គ្រោះបឋមរួច សិស្ស ៧ នាក់ក្នុងចំណោមសិស្ស ៨ នាក់ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យស្រុកដើម្បីតាមដានបន្ថែមទៀត។ បច្ចុប្បន្ន សុខភាពរបស់ពួកគេបានល្អប្រសើរវិញហើយ៕