កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅស្រុក Khandwa រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ដោយមនុស្ស ៨ នាក់បានស្លាប់ក្រោយហិតស្រូបឧស្ម័នពុលពេលចុះទៅក្នុងអណ្ដូងមួយ។
តាមអ្នកយកការណ៍ម្នាក់ក្នុងតំបន់បានរៀបរាប់ហេតុការណ៍ឱ្យដឹងថា មុនកើតហេតុមានបុរសជាកម្មករម្នាក់បានចុះទៅក្នុងអណ្ដូងដើម្បីលាងសម្អាតរៀបចំត្រៀមសម្រាប់ធ្វើពិធីជ្រមុជរូបព្រះ។ បុរសរូបនោះត្រូវបានស្គាល់ឈ្មោះថា Arjun ដោយក្រោយចុះទៅមិនបានប៉ុន្មាន រូបគេក៏ចាប់ផ្ដើមថប់ដង្ហើមដោយសារស្រូបឧស្ម័នពុល ហើយក៏ដួលសន្លប់នៅបាតអណ្ដូងនោះទៅ។
រូបតំណាង
ភ្លាមៗ កម្មករ ៧ នាក់ផ្សេងទៀតបានឃើញ ក៏ចុះទៅបំណងជួយសង្គ្រោះអ្នករួមការងារជាមួយគ្នា តែជាអកុសល ពួកគេក៏បានស្លាប់ទាំងអស់ដោយសារតែស្រូបក្លិនឧស្ម័នពុល។
ក្រុមសង្គ្រោះត្រូវបានទាក់ទងឱ្យចុះដល់ទីតាំងកើតហេតុ ក្រោយអ្នកភូមិចាប់អារម្មណ៍មិនឃើញកម្មករទាំង ៨ នាក់ឡើងពីអណ្ដូងមកវិញ។ ក្រុមសង្គ្រោះចំនួន ១៥ នាក់មកជាមួយឧបករណ៍សង្គ្រោះដូចជាខ្សែពួរ និង សំណាញ់ជាដើម បានចុះដល់ទីតាំងជាមួយប៉ូលិស និង អាជ្ញាធរស្រុក។ ពួកគេបានទាញយកសពជនរងគ្រោះចេញពីអណ្ដូងបានទាំងអស់ ដោយសពរបស់ Arjun ត្រូវបានយកចេញមកក្រោយគេ៕