អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) បានដាក់ចេញលិខិតមួយផ្ញើទៅកាន់រដ្ឋាភិបាលប្រទេសថៃ ជំរុញឱ្យថៃមានការបំភ្លឺលើចំណុចសំខាន់ៗចំនួន ១០ ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន ដែលភ្ជាប់គ្នាទៅនឹងករណីឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ លិខិតផ្លូវការមួយពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិត្រូវបានបញ្ជូនទៅទីក្រុងបាងកក ដោយលិខិតនោះផ្ដោតពិសេសលើការជួញដូរមនុស្ស (ផ្ដោតលើស្ត្រី និង កុមារ)។
លិខិតនោះដែរបានកត់បង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការស៊ើបអង្កេតដោយសម្ងាត់ដែលទទួលបានពីមនុស្សជុំវិញសកលលោក ក្នុងនោះរួមមាន អាស៊ីខាងកើត អាស៊ីខាងត្បូង អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិកខាងជើង និង អាមេរិកខាងត្បូង ដែលត្រូវបានគេបោកបង្ខំឱ្យចូលធ្វើការក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញ។ តាមការទម្លាយពីខាង UN មជ្ឈមណ្ឌលទាំងនោះបានល្បួងជនរងគ្រោះតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មផ្ដល់ការងារដែលទទួលបានប្រាក់ចំណូលច្រើន ប៉ុន្តែធាតុពិតពួកគេត្រូវបានគេចាប់ជំរិតឃុំខ្លួន ដកហូតលិខិតឆ្លងដែន និង របស់របរផ្ទាល់ខ្លួនចេញអស់។
បន្ថែមពីនេះ ជនរងគ្រោះក៏ទទួលរងនូវការបំពានលើរូបរាងកាយ បៀតបៀនផ្លូវភេទ និង បង្ខំឱ្យធ្វើការងារដែលទទួលបានប្រាក់ចំណូលតិចតួច ឬមិនទទួលបានប្រាក់កម្រៃសោះក៏មាន។ លើសពីនេះ ចំពោះអ្នកដែលបរាជ័យមិនអាចបំពេញការងារតាមគោលដៅកំណត់ឱ្យ ឬព្យាយាមរត់គេចខ្លួន ពួកគេគឺប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ឬត្រូវគេលក់ទៅឱ្យកន្លែងដំណើរការងារខុសច្បាប់ផ្សេងទៀត។
លិខិតរបស់អង្គការសហប្រជាជាតិបានចង្អុលបង្ហាញទៀតថា ប្រទេសថៃមានតួនាទីយ៉ាងសំខាន់ជាទីតាំងដឹកជញ្ជូនជនរងគ្រោះទៅកាន់មជ្ឈមណ្ឌលបោកប្រាស់ទាំងអស់នៅបណ្ដាប្រទេសជិតខាង ជាពិសេសនៅតំបន់ព្រំដែនក្នុងរដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា៕