ស្ត្រីជនជាតិបារាំងម្នាក់បានទម្លាយថា រូបនាងបានកើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរក៏ព្រោះតែមេរបស់នាងមិនឱ្យការងារអ្វីនាងធ្វើសោះ ដោយទុកនាងឱ្យអង្គុយម៉ង់ៗតែឯងរយៈពេល ២០ ឆ្នាំ រង់ចាំតែថ្ងៃបើកលុយចាយ ទើបនាងខឹងចិត្តខ្លាំងរហូតដាក់ពាក្យបណ្ដឹង។
Laurence Van Wassenhove អាយុ ៥៩ ឆ្នាំ បានរៀបរាប់ថា នាងចាប់ផ្ដើមចូលធ្វើការក្នុងក្រុមហ៊ុនទូរគមនាគមន៍មួយនៅបារាំងក្នុងឆ្នាំ ១៩៩៣ ដោយមានគោលបំណងដ៏ធំចង់ក្លាយជាអ្នកជំនាញផ្នែកធនធានមនុស្ស។ យ៉ាងណាមិញ ដោយសារតែបញ្ហាសុខភាពរបសនាងដោយរួមមានទាំងជំងឺឆ្កួតជ្រូក និង ជំងឺដាច់សរសៃឈាមខួរក្បាល បណ្ដាលឱ្យនាងពិការមួយចំហៀងខ្លួន នាងក៏ត្រូវបានក្រុមហ៊ុនស្នើឱ្យធ្វើការជាលេខាវិញ ដោយស្វែងរកទីតាំងការងារណាដែលស័ក្ដិសមនឹងតម្រូវការរបស់នាងបំផុត។
ក្រោយមក នៅឆ្នាំ ២០០២ ក្រុមហ៊ុន France Telecom ត្រូវបានទិញបន្តដោយក្រុមហ៊ុនមួយទៀតឈ្មោះ Orange។ ក្រោយផ្លាស់ប្ដូរអ្នកដឹកនាំថ្មី Laurence ក៏បានស្នើសុំផ្លាស់ទៅការិយាល័យតំបន់មួយផ្សេងទៀត ហើយខាងក្រុមហ៊ុន Orange ក៏យល់ព្រម ប៉ុន្តែក្រោយពួកគេវាយតម្លៃលើសុខភាពការងាររបស់នាងដែលធ្វើឡើងក្នុងឆ្នាំ ២០០៤ បានបញ្ជាក់ថា នាងមិនស័ក្ដិសមនឹងមុខតំណែងនោះឡើយ ហើយក៏ដាក់នាងជាបុគ្គលិកបម្រុងវិញ។ Laurence បានទម្លាយថា ក្រុមហ៊ុនក្រោយមកក៏ឈប់ឱ្យការងារអ្វីនាងធ្វើទៀត ណែនាំឱ្យនាងស្នាក់នៅផ្ទះ ហើយរយៈពេល ១០ ឆ្នាំនៃអវត្តមានពីការងារ ពីអូហ្វិស ឬឆ្ងាយពីមិត្តរួមការងាររនេះ ធ្វើឱ្យនាងមានអារម្មណ៍ឯកោជាខ្លាំង។
ថ្លែងប្រាប់ទូរទស្សន៍ FTV លោកស្រី Laurence បាននិយាយថា នាងដូចត្រូវគេទុកជាអ្នកក្រៅដែលវាប៉ះពាល់ដល់សុខភាពផ្លូវចិត្តនាងជាខ្លាំង។ ក្រោយមក ថ្លែងប្រាប់សារព័ត៌មានបារាំង Mediapart Laurence បានបញ្ជាក់ទៀតថា៖ «ខ្ញុំបានប្រាក់ខែរាល់ខែ ប៉ុន្តែខ្ញុំត្រូវបានគេចាត់ទុកដូចគ្មានរូបរាងនៅកន្លែងធ្វើការឡើយ»។
មកដល់ឆ្នាំ ២០១៥ ដោយហត់នឿយនឹងការព្រងើយកន្តើយពីក្រុមហ៊ុន Laurence ក៏បានដាក់ពាក្យបណ្ដឹង ដោយមេធាវីរបស់នាងបានចោទក្រុមហ៊ុន Orange ថាបរាជ័យក្នុងការបំពេញកាតព្វកិច្ចស្របតាមតម្រូវការសុខភាពកូនចៅ រួមទាំងមិនអាចផ្ដល់ការងារដ៏ល្អមានន័យមួយដល់នាង ស្របទៅតាមច្បាប់ពលកម្មរបស់បារាំង។
ដោយឡែក ខាងក្រុមហ៊ុន Orange ក៏បានចេញការឆ្លើយតបដោយថ្លែងប្រាប់សារព័ត៌មានបារាំងមួយថា ក្រុមហ៊ុនគឺបានគិតគូរពីស្ថានភាពផ្ទាល់ខ្លួនរបស់ Laurence និង ធានាថានាងស្ថិតក្នុងស្ថានភាពដែលល្អអំឡុងពេលសម្រាកពីការងារ។ ក្រុមហ៊ុនយក្សមួយនេះបានអះអាងទៀតថា នាងត្រូវបានពិចារណាឱ្យត្រឡប់មកធ្វើការវិញក្នុងមុខតំណែងថ្មី តែវានៅតែមិនអាចទៅរួច ដោយសារតែនាងឧស្សាហ៍ដាក់ច្បាប់ឈឺញឹកញាប់ពេក៕
ប្រភព៖ 9GAG