ក្រោយហេតុការណ៍រញ្ជួយដីនៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ មន្ត្រីសុខាភិបាលក្នុងតំបន់បានធ្វើការជំរុញដល់ពលរដ្ឋឱ្យចាប់អារម្មណ៍ពីអាការនៃជំងឺថប់បារម្ភ និង ការធ្លាក់ខ្លួនឈឺដោយគ្រោះរញ្ជួយដី (earthquake sickness)។ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសុខាភិបាលសាធារណៈបានដាក់ចេញការណែនាំលើការដោះស្រាយពេលជួបមានអាការមិនស្រួលខ្លួន ក្រោយជួបហេតុការណ៍ដ៏រន្ធត់ភ័យខ្លាចកន្លងទៅ។
Photo: AP
លោក Anukul Prueksanusak អ្នកនាំពាក្យឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា អាការទាំងនោះកើតមានឡើងដោយសារតែការប៉ះពាល់ប្រព័ន្ធលំនឹងក្នុងរាងកាយ។ ភាគច្រើននៃអាការទាំងនេះគឺកើតមានរយៈពេលខ្លី ប៉ុន្តែចំពោះមនុស្សខ្លះជាពិសេសអ្នកដែលមានជំងឺថប់បារម្ភ ឬឈឺក្បាលប្រកាំង ពួកគេអាចមានអាការនេះយូរដល់រាប់សប្ដាហ៍ និង មានការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរផងដែរ។
Photo: AP
អាការ «Earthquake sickness» អាចធ្វើឱ្យអ្នកកើតមានអារម្មណ៍ញ័ររញ្ជួយក្នុងខ្លួន និង បង្កជាការវិលមុខ បាត់បង់លំនឹងខ្លួន បើទោះជាគ្រោះរញ្ជួយដីបានបញ្ចប់ទៅក៏ដោយ។ ដើម្បីជាការគ្រប់គ្រងអាការនេះ ក្រសួងសុខាភិបាលថៃបានណែនាំឱ្យពលរដ្ឋធ្វើការដកដង្ហើមវែងៗ ផឹកទឹកធម្មតា ឬផឹកទឹកខ្ញី ជៀសវាងផឹកគ្រឿងស្រវឹង និង សម្រាកឱ្យបានគ្រប់គ្រាន់។ ការសម្រាកបានគ្រប់គ្រាន់ និង កំណត់ការប្រើប្រាស់ទូរស័ព្ទដើម្បីសម្រាកភ្នែកគឺសំខាន់បំផុត។
Photo: AP
ប្រសិនបើមានអារម្មណ៍ថាខ្លួនមិនមានលំនឹង យើងអាចសម្លឹងទៅវត្ថុឆ្ងាយៗ ឬក៏ទម្រេតខ្លួនចុះ។ បន្ថែមពីនេះ យើងក៏គួរតែកាត់បន្ថយការតាមដានព័ត៌មានពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់ផងដែរ ដើម្បីបន្ថយអាការថប់បារម្ភ ហើយប្រសិនបើចាំបាច់ខ្លាំង យើងអាចប្រើប្រាស់ថ្នាំបំបាត់អាការពុល និង ធានាថាយើងទទួលបានការសម្រាកគ្រប់គ្រាន់៕