ជារឿងដ៏ភ្ញាក់ផ្អើល និង រំភើបមួយសម្រាប់អ្នកគាំទ្រ ក្រោយឮដំណឹងថាតារាសម្ដែងស្រីដ៏ល្បី Lana Condor តួអង្គស្រីប្រចាំរឿង «To All the Boys I’ve Loved Before» បានចាប់ដៃគូស្នេហ៍ជាអ្នករួមអាជីព លោក Anthony De La Torre រៀបការប្ដូរឈ្មោះជាប្ដីប្រពន្ធហើយក្រោយទាក់ទងមើលចិត្តថ្លើមគ្នាអស់ពេល ៩ ឆ្នាំ។
តាមការចេញផ្សាយពីទស្សនាវដ្ដី Vogue បានឱ្យដឹងថា តារាសម្ដែង Lana Condor និង ស្វាមី បានប្រារព្ធធ្វើពិធីមង្គលការលក្ខណៈឯកជនមួយនៅលើភ្នំនាក្រុង Malibu រដ្ឋ California សហរដ្ឋអាមេរិក កាលពីចុងខែតុលាកន្លងទៅនេះ ដោយមានការចូលរួមត្រឹមសំណាក់ក្រុមគ្រួសារ និង មិត្តជិតស្និទ្ធរបស់ពួកគេប៉ុណ្ណោះ។
គួររំឭកថា តារាសម្ដែង Lana និង Anthony បានចាប់ផ្ដើមទាក់ទងស្នេហាគ្នាតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ក្រោយពួកគេទាំងពីរបានជួបគ្នាក្នុងកម្មវិធីពានរង្វាន់ Emmy Awards។ ចំណងស្នេហ៍របស់ពួកគេកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ខែធ្នូ ឆ្នាំ ២០២១ Anthony បានលុតជង្គង់សុំ Lana រៀបការ ហើយ Lana ក៏រីករាយព្រមទទួលបុរសរូបនេះជាគូអនាគតរបស់នាងផងដែរ ហើយមកដល់ខែតុលាកន្លងទៅនេះ ទំនាក់ទំនងពីគូដណ្ដឹងក៏បានផ្លាស់ប្ដូរមកជាប្ដីប្រពន្ធពេញសិទ្ធិក្រោយពួកគេចាប់ដៃគ្នារៀបការតាមប្រពៃណី៕