វិធី ៥ យ៉ាងដើម្បីបំបាត់ការឈឺខ្នងក្នុងពេលមានផ្ទៃពោះ
ការមានផ្ទៃពោះអាចជារឿងមួយគួរឲ្យភ្ញាក់ផ្អើលទាំងម្តាយខ្លួនឯងផ្ទាល់ និង សមាជិកគ្រួសារ ព្រោះពួកគេបានរៀបចំជីវិតថ្មីមួយទៀតសម្រាប់ពិភពលោកដ៏ស្រស់បំព្រង ។ ទោះបីជាយ៉ាងណាក៏ដោយ ការមានផ្ទៃពោះច្រើនតែនាំមកនូវផលវិបាកដែលមិនដឹងខ្លួន ហើយក៏ធ្វើឲ្យមិនមានផាសុកភាពសម្រាប់ម្តាយបន្តិចបន្តួចដែរ ។ បញ្ហាដ៏ធំបំផុតនោះគឺការឈឺខ្នង និង ការរឹងសាច់ដុំ ឬរមួលក្រពើ ប៉ុន្តែយើងនៅតែមានវិធីជាច្រើនដើម្បីលុបបំបាត់បញ្ហានេះបាន ៖
– ហាត់ប្រាណ ៖ វិធីសាស្ត្រដ៏ល្អបំផុតមួយដែលអ្នកអាចបញ្ឈប់ការឈឺខ្នងបាន គឺតាមរយៈការហាត់ប្រាណ ។ ការពង្រឹងសាច់ដុំនៅខ្នង និង ភាពសមសួននៃរាងកាយទូទៅអាចនឹងជួយអ្នកទ្រទ្រង់ទម្ងន់បន្ថែមរបស់ទារកក្នុងផ្ទៃ និង មានផាសុកភាពបាន ជាពិសេសអាចចៀសវាងការឈឺខ្នងតែម្តង ។ ការហាត់ប្រាណដ៏ល្អបំផុតមួយចំនួនសម្រាប់ស្ត្រីមានផ្ទៃពោះមានដូចជា ការដើរ ហែលទឹក និង ការជិះកង់នៅមួយកន្លែង ។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីលំហាត់ប្រាណណាមួយដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នក និង កូនមុនពេលចាប់ផ្តើម។
– ធ្វើសរសៃ ៖ គ្មានអ្វីល្អដូចការធ្វើសរសៃដើម្បីសម្រួលដល់សាច់ដុំ និង បំបាត់សម្ពាធក្នុងរាងកាយឡើយ ។ ការម៉ាស្សាដ៏ល្អអាចជួយបន្ធូរសាច់ដុំដែលកំពុងតែតឹង និង ឈឺ ព្រមទាំងអាចបន្ថយស្ត្រេស និង ភាពតានតឹងពេញមួយថ្ងៃទៀតផង ។ នៅពេលសាច់ដុំដ៏តឹងរបស់អ្នកធូរវិញ ព្រមទាំងអារម្មណ៍ធូរស្រាលដែរនោះ អ្នកនឹងចាប់ផ្តើមលែងសូវឈឺខ្នងទៀតហើយ ។
– ទឹកក្តៅ និង ទឹកត្រជាក់ ៖ ការស្អំទឹកក្តៅ និង ទឹកត្រជាក់គឺជាវិធីដ៏ងាយស្រួលមួយដើម្បីផ្តល់នូវការបំបាត់អាការឈឺខ្នងបានបន្តិចបន្តួចដែរ ។ ចូរចាប់ផ្តើមដោយការដាក់របស់ត្រជាក់នៅកន្លែងដែលឈឺខ្លាំងនៃខ្នងរយៈពេល ២០ នាទីជារៀងរាល់ថ្ងៃឲ្យបាន ពីរទៅបីថ្ងៃ ។ ក្រោយមក ចូរប្តូរមកស្អំទឹកក្តៅវិញនៅកន្លែងដដែល និង បន្តផ្លាស់ប្តូររហូត ។ នៅពេលស្អំទឹកក្តៅ ចូរប្រាកដថា អ្នកមិនត្រូវដាក់ឲ្យចំពោះនៅពេលមានផ្ទៃពោះឡើយ ។
– ពង្រឹងជំហ ៖ នៅពេលអ្នកមានផ្ទៃពោះ អ្នកនឹងត្រូវប្រឈមមុខនឹងសម្ពាធបន្ថែមទៅលើឆ្អឹងកងខ្នង ដើម្បីបង្ខំចិត្តទ្រទម្ងន់នោះបន្ថែម ។ ខណៈពេលដែលអ្នកកំពុងធ្វើការ ឬអង្គុយ ចូរព្យាយាមដាក់កន្សែងតូចមួយត្រប់ខ្នង និង អង្គុយឲ្យត្រង់ខ្លួនគ្រប់ពេលទាំងអស់ ។ ការធ្វើបែបនេះនឹងជួយរក្សាជំហអ្នកបានយ៉ាងល្អ ព្រមទាំងបំបាត់ការមានសម្ពាធបន្ថែមទៅលើឆ្អឹងខ្នង ហើយក៏បន្ថយការឈឺចាប់បានខ្លះដែរ ។
– ជួបជាមួយគ្រូពេទ្យ ៖ បើសិន ជាអ្វីៗខាងលើមិនមានប្រសិទ្ធភាព ឬការឈឺចាប់កាន់តែខ្លាំងនោះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យហើយ ។ គ្រូពេទ្យនឹងអាចពិនិត្យទាំងសុខភាពអ្នក និង កូននៅក្នុងផ្ទៃថាតើមានអ្វីមួយធ្ងន់ធ្ងរកំពុងតែកើតឡើងឬអត់ ? ហើយត្រូវព្យាបាលយ៉ាងណាទើបល្អដើម្បីប្រាកដថាកូនមានសុវត្ថិភាព ៕
ប្រែសម្រួល៖ វេជ្ជ.ម៉េង សុខសៀន
ប្រភព៖ lifehack.org