ពេលគេងពាក់អាវក្នុង ប៉ះពាល់សុខភាព ឬអត់?
រឿងគួរពាក់អាវក្នុង ឬមិនគួរពាក់ ត្រូវបានគេនិយាយខ្វែងគំនិតគ្នាជាយូរមកហើយ ខណៈដែលមានស្ត្រីជាច្រើន កំពុងតែចៀសវាងការពាក់អាវទ្រនាប់ពេលចូលគេង ដើម្បីកុំឲ្យមានស្នាមលើខ្លួន និង ខ្លាចកើតជំងឺមហារីកសុដន់ តែយ៉ាងណាក៏មានស្ត្រីជាច្រើនជឿថា ការពាក់អាវក្នុងពេលគេង ជាហេតុផលនាំឲ្យសុដន់ទៅជាយៀរធ្លាក់ទៀតផង។
រូបតំណាង
បើយើងនិយាយដល់រចនាសម្ព័ន្ធក្នុងតំបន់សុដន់វិញគឺថា ដុំកូនកណ្តុរក្នុងឃ្លៀកដើរតួនាទីជាអ្នកច្រោះជាតិពុលចេញពីទឹករងៃរបស់សុដន់ ហើយវាក៏ជាភ្នាក់ងារដំបូងសម្រាប់ការពារសុខភាពពីការបង្ករោគ សារធាតុពីខាងក្រៅ និង កោសិកាមហារីកទៀត ។
យោងតាមការសិក្សា គឺមិនបានអះអាងគ្រប់គ្រាន់នៅឡើយទេដែលថា ការពាក់អាវក្នុងនាំឲ្យស្ទះដល់ផ្លូវទឹករងៃ។ ដូច្នេះការភ័យខ្លាចកើតជំងឺមហារីកសុដន់ពេលពាក់អាវក្នុងគេងនេះ វាគ្រាន់តែជារឿងគិតក្នុងចិត្តប៉ុណ្ណោះ ។ សម្រាប់ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន ច្រើនតែប្រឈមខ្ពស់នឹងការយៀរសុដន់ ហើយកត្តាហ្សែន និង ភាពចាស់ទៅតាមអាយុ ក៏ជាហេតុនាំឲ្យសុដន់ទៅជាយៀរធ្លាក់ដែរ ។
សរុបសេចក្តីមកការគេងទាំងពាក់អាវក្នុង គ្រាន់តែជាបញ្ហាផ្ទាល់ខ្លួនសម្រាប់ស្ត្រីម្នាក់ៗប៉ុណ្ណោះ មិនមានអំនះអំនាងណាច្បាស់លាស់ថាប៉ះពាល់ដល់សុខភាពឡើយ ។ ស្ត្រីខ្លះមានសុដន់តឹងណែនខ្លាំង ដូច្នេះពួកគេត្រូវការពាក់អាវក្នុងដើម្បីទ្រ។ ចំណែកឯនារីខ្លះទៀត ពេលពាក់អាវក្នុងបែរជាមានបញ្ហាកន្ទួលរមាស់នៅស្បែកខាងក្រោមសុដន់ ទៅវិញ។ យ៉ាងណាមិញ យោងតាមអ្នកជំនាញបានលើកឡើងថា បើសិនជាអ្នកពិតជាចាំបាច់ត្រូវពាក់អាវក្នុងមែន ចូរជ្រើសរើសអាវក្នុងណាដែលធ្វើពីសរសៃធម្មជាតិទន់ និង ផ្តល់ផាសុកភាពដល់ស្បែក និង ចៀសវាងអាវណាដែលតឹងៗពេក ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy