ដោយក្ដីបារម្ភ! សម្ដេច និង ភរិយា ឧបត្ថម្ភប្រាក់ ៥ ម៉ឺនដុល្លារឱ្យ ចាន់ វឌ្ឍនាកា ព្យាបាលរបួសជើង
មហាជនអ្នកគាំទ្រវិស័យបាល់ទាត់ ជាពិសេសអ្នកគាំទ្ររបស់កីឡាករឯក ចាន់ វឌ្ឍនាកា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង ព្រួយបារម្ភជាខ្លាំង ក្រោយកីឡាកររូបនេះ រងរបួសជើងក្នុងជំនួបប្រកួតបាល់ទាត់ កាលពីពេលកន្លងទៅ និង កំពុងស្នាក់នៅមន្ទីរពេទ្យទទួលការព្យាបាល គួរឱ្យបារម្ភ។
ក្រោយរងរបួសជើងបែបនេះ ស្រាប់តែនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ តាមរយៈគណនីឪពុករបស់ កីឡាករ ចាន់ វឌ្ឍនាកា បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះគុណូបការៈដ៏ថ្លៃថ្លា របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយឧបត្ថម្ភថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនប្រាំម៉ឺនដុល្លាសហរដ្ឋអាមេរិក ដើម្បីព្យាបាលរបួសរបស់កីឡាករ ចាន់ វឌ្ឍនាកា។
ជាមួយគ្នានេះដែរ លោក ចាន់ ចេស្ដា ឪពុករបស់ កីឡាករចាន់ វឌ្ឍនាកា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកស្រី ពុធ ធីតា ប្រធានក្លឹប និង ស្វាមី លោក បែរ មករា អ្នកចាត់ការទូទៅរបស់ក្លឹបបាល់ទាត់បឹងកេតដែលបានខ្នះខ្នែងជ្រោមជ្រែង លះបង់កម្លាំងកាយ និង ថវិកា តាំងពីពេលរបួស រហូតដល់ពេលនេះ បាន និង កំពុងរៀបចំបែបបទ ដើម្បីចេញទៅវះកាត់នៅប្រទេសថៃ។ ក្នុងនោះ លោកក៏បានអរគុណដល់ កូនក្មួយ និង ចៅៗ និង ហ្វេនទាំងអស់ ដែលបានបារម្ភនិងជូនពរ ឱ្យកូនប្រុសរបស់លោក ឆាប់ជាសះស្បើយដូចដើមឡើងវិញ៕