អនាគតកូនកំលោះ ហែមថុន វិទិនី ស្រស់សង្ហាណាស់ ថែមទាំងជាកូនកាត់អាមេរិកទៀត
កីឡាការិនីហែលទឹកជម្រើសជាតិ កញ្ញា ហែមថុន វិទិនី កន្លងមកតែងតែត្រូវបានមហាជនកោតសរសើរពីទេពកោសល្យហែលទឹកដ៏ឆ្នើមរបស់នាង ជាពិសេសការចេញទៅប្រកួតដណ្ដើមមេដាយនៅក្រៅប្រទេសដើម្បីមុខមាត់ប្រទេសជាតិ ។
ដោយឡែកបើងាកទៅមើលជីវិតឯកជនវិញ មួយរយៈចុងក្រោយនេះ កីឡាការិនីរូបស្រស់ វិទិនី បានបង្ហាញរូបភាពស្វីតៗជាមួយបុរសម្នាក់ដែលស្គាល់ជាគូដណ្ដឹងសំណព្វចិត្តរបស់នាងញឹកញាប់ខ្លាំងណាស់ ដោយគូដណ្ដឹងបណ្ដូលចិត្តរបស់ វិទិនី មានឈ្មោះថា អាឡិច យូ (Alex You) ជាអ្នកចាំទីរបស់ក្លិបព្រះខ័ន្ធរាជស្វាយរៀង ។
បើនិយាយដល់ភាពផ្អែមល្ហែម ថ្មីៗនេះ ហែមថុន វិទិនី បន្តបង្ហោះរូបថតច្រើនសន្លឹកជាមួយគូស្នេហ៍ ហើយរឿងដែលអ្នកប្រើប្រាស់បណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំងក្រៅពីរំលេចភាពស្និទ្ធស្នាលគួរឱ្យច្រណែននោះ គឺអ្នកគាំទ្រមើលឃើញថា អនាគតស្វាមីកីឡាការិនីហែលទឹកដ៏ឆ្នើមរូបនេះ មានរូបរាងស្រស់សង្ហាខ្លាំងណាស់ ជាបុរសមានភាពកក់ក្ដៅ មាឌមាំទាំ កម្ពស់កម្ពរក៏ខ្ពស់ស្រឡះ ព្រោះលោកគឺជាកូនកាត់អាមេរិក ៕