បឹងកេត បង្កើតពានមិត្តភាពមួយ ឱ្យក្រុម ៣ មកប្រកួតមិត្តភាព មុនចាប់ផ្តើមរដូវកាលថ្មី
ក្លិបបាល់ទាត់បឹងកេត គ្រោងនឹងបើកការប្រកួតពានរង្វាន់ Pre-Season មួយ នៅលើទឹកដីកីឡដ្ឋាន Cambodian Airway របស់ខ្លួន ក្នុងកំឡុងចុងខែមករា ឬ ដើមខែកុម្ភៈខាងមុខនេះ តែមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ដោយរង់ចាំមើលស្ថានភាពកូវីដ ១៩ ឱ្យបានធូរស្រាលសិន ។
បើតាមការបែកធ្លាយ ក្លិបបាល់ទាត់ចំនួន ៤ នឹងចូលរួមប្រកួតក្នុងពានរង្វាន់មុនបើករដូវកាលនេះ ដោយមានម្ចាស់ផ្ទះ ក្លិបបាល់ទាត់បឹងកេត ក្លិបបាល់ទាត់អាស៊ីអឺរ៉ុប ក្លិបបាល់ទាត់អគ្គីសនីកម្ពុជា និង ក្លិបបាល់ទាត់នករបាលជាតិ ។ ចំពោះរូបមន្តប្រកួតអាចជាការប្រកួតវិលជុំប្រសិនបើមានពេលវេលាគ្រប់គ្រាន់ ឬ ប្រកួតចាញ់ធ្លាក់ ប្រសិនបើមានពេលខ្លី ។
គួរឱ្យដឹងដែរថា ពានរង្វាន់មួយនេះ មានរយៈពេលតែប្រមាណជា ១ ខែ ទៀតតែប៉ុណ្ណោះក្នុងការរៀបចំ ដ្បិតអីលីគកំពូលកម្ពុជា (Metfone Cambodian League) គ្រោងនឹងបើកការប្រកួតនៅដើមខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ ៕
ប្រភព៖ MR