មិនធម្មតាទេ! ចិញ្ចឹមត្រី៦ប្រភេទនេះ អាចរកចំណូលបាន ៣ ម៉ឺនដុល្លារក្នុង១ឆ្នាំៗ
ដោយសារតែមើលឃើញថា មុខរបរចិញ្ចឹមត្រីមានទីផ្សារល្អ និង អាចធ្វើឱ្យគ្រួសារមានជីវភាពល្អប្រសើរនោះ លោក លឹម ម៉េង បានចាប់យកមុខរបរចិញ្ចឹមត្រីជាគ្រួសារនៅឆ្នាំ ២០១៧ ។ ហើយត្រីដែលលោកចិញ្ចឹមមានចំនួន ៦ប្រភេទ គឺប្រភេទត្រីឆ្តោ ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីព្រួល និង ត្រីរៀល ជាដើម ។ ស្រះចិញ្ចឹមត្រីរបស់លោកមានទីតាំងស្ថិតនៅក្នុងភូមិ ព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
បច្ចុប្បន្ននេះ លោក លឹម ម៉េង មានស្រះចិញ្ចឹមត្រីធំៗចំនួន ៣ស្រះ លើផ្ទៃដីទំហំ ១២ហិកតា លោកមានប្រសាសន៍ថា កាលពីចាប់ផ្តើមចិញ្ចឹមត្រីមុនដំបូង នៅឆ្នាំទី១ និង ឆ្នាំទី២ ដោយសារតែខ្វះបទពិសោធន៍ និង ដើមទុន បានធ្វើឱ្យការចិញ្ចឹមត្រីរបស់លោកជួបបរាជ័យ គ្មានចំណូល ។ ប៉ុន្តែបច្ចុប្បន្ននេះ ការចិញ្ចឹមត្រីរបស់លោកទទួលបានជោគជ័យ និង អាចរកចំណូលពីការចិញ្ចឹមត្រីនេះបានជាង ៣ម៉ឺនដុល្លារក្នុង១ឆ្នាំៗ ។ ឥឡូវនេះលោកមានគម្រោងទិញដី ដើម្បីពង្រីកផលិតកម្មចិញ្ចឹមត្រីរបស់លោកឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ នាពេលបច្ចុប្បន្ននេះ ។
បើទោះបីជា តម្លៃត្រីគ្រប់ប្រភេទបានធ្លាក់ចុះបន្តិចក្តី ប៉ុន្តែលោក លឹម ម៉េង បានមានប្រសាសន៍ថា ការធ្លាក់ថ្លៃបន្តិចនេះគឺអាចទទួលយកបាន ប៉ុន្តែអ្វីដែលសំខាន់នោះគឺទុនវិនិយោគ ដែលខ្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុឯកជន ដែលមានការប្រាក់ខ្ពស់ពេក ។ តែលោក ក៏មានសង្ឃឹម និង ជឿជាក់ថា អនាគតដ៏ខ្លីខាងមុខនេះ បន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ វិលត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញ ទាំងទីផ្សារ និង តម្លៃនឹងបានល្អប្រសើរឡើងវិញជាពុំខាន ៕ រូបថត៖ ក្រសួងកសិកម្ម