ក្រពះ និង ពោះវៀនខ្សោយហើយ ចូលចិត្តពិសា «សាច់ក្រហម» ទៀត ដឹងអត់ថានឹងប្រឈមអ្វីខ្លះ?
តាមការសិក្សាថ្មីមួយបានឱ្យដឹងថា បុរសដែលចូលចិត្តពិសាសាច់ក្រហមញឹកញាប់នឹងកើតជំងឺរលាកក្រពះ និងពោះវៀន។
គេបានធ្វើតេស្តិ៍ទៅលើបុរស ៤៦ពាន់នាក់ ដែលមានអាយុពី ៤០ទៅ ៧៥ឆ្នាំ ដែលចូលចិត្តពិសាសាច់អស់រយៈពេល ២៦ឆ្នាំ។ អ្នកសិក្សារកឃើញថា ការពិសាសាច់ពី ៦ដង ឬ លើសពីនេះក្នុងមួយសប្តាហ៍នឹងកើតអត្រាកើតជំងឺរលាកក្រពះនិងពោះវៀន ៥៨%។
ជំងឺនេះគឺច្រើនធ្វើឱ្យថង់តូចៗ នៅតាមជញ្ជាំងពោះវៀន ងាយឆ្លងជំងឺនិងរលាក ហើយអាការនេះធ្វើឱ្យអ្នកកើតមានបញ្ហាទល់លាមក ចុកពោះ រាគ គ្រុន រកកលចង់ក្អួត និងហូរឈាមក្នុងពោះវៀនជាដើម។
តាមការសិក្សាពីមុន គេមិនទាន់រកឃើញច្បាស់ពីបញ្ហានេះទេ ទើបតែរកឃើញថ្មីៗនេះប៉ុណ្ណោះ ដោយគេបានសិក្សាក្នុងទ្រង់ទ្រាយធំ។ បើតាមការសិក្សានេះ ការពិសាសាច់មាន់ ត្រី ច្រើន គឺមិនមានជាប់ទាក់ទងនឹងបញ្ហាជំងឺនេះឡើយ។ គេក៏មិនបានដឹងថាជំងឺរលាកក្រពះនិងពោះវៀន អាចមានជាប់ទាក់ទងនឹងការជក់បារី និងការប្រើប្រាស់ថ្នាំពេទ្យផ្សេងៗ ឬ កង្វះនូវសកម្មភាពកីឡានោះដែរ។ អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា បុរសដែលពិសាសាច់សុទ្ធផ្សេងទៀតដូចជា សាច់គោ សាច់ជ្រូក និងសាច់ចៀមក្តីមានអត្រាប្រឈមនឹងជំងឺនេះជាងអ្នកមិនពិសា។
នេះប្រហែលជាដោយសារកត្តាសីតុណ្ហភាពនៃការចម្អិនសាច់ហើយដែលជះឥទ្ធិពលដល់បាក់តេរី ព្រោះវានៅតែអាចមានជីវិតរស់នៅក្នុងសាច់និងចូលទៅសម្ងំក្នុងពោះវៀន ។ ដូច្នេះអ្នកសិក្សាត្រូវការសិក្សាបន្ថែមទៀត។ គួររំឭកថាកាលពីឆ្នាំ ២០១៥ អង្គការសុខភាពពិភពលោក បានចុះផ្សាយម្តងហើយនូវផលប៉ះពាល់នៃ សាច់ដែលយកទៅកែច្នៃរួច ដូចជាសាច់ជ្រូក ថាមានជាប់ពាក់ព័ន្ធនឹងការឈានទៅកើតជំងឺមហារីក។ ទោះជាយ៉ាងនេះក្តីគេបានសិក្សាតែទៅលើក្រុមបុរសប៉ុណ្ណោះ និងនៅមិនទាន់បានសិក្សាទៅលើក្រុមមនុស្ស ស្ត្រីនៅឡើយ។ ទោះជាលទ្ធផលបង្ហាញដូច្នេះក្តី អ្នកសិក្សានៅមិនទាន់ស្នើឱ្យអ្នកគួរកាត់បន្ថយបរិមាណសាច់ក្រហមក្នុងកម្រិតណាដែលគួរពិសានៅឡើយដែរ។
ជំងឺរលាកក្រពះនិងពោះវៀន បានធ្វើឱ្យមនុស្សជាង ២ សែនអ្នកនៅសហរដ្ឋ អាមេរិកចូលពេទ្យ និងចំណាយថវិកាអស់ជាង ២ ពាន់លានដុល្លារក្នុងមួយឆ្នាំៗទៅលើថ្លៃព្យាបាល។ ជាទូទៅជំងឺនេះអាចបន្ធូរបន្ថយបានដោយការពិសាទឹកឱ្យបានច្រើន ពិសាអាហារដែលមានជាតិកាកសរសៃ និងថ្នាំអង់ទីប៊ីយោទិក ។ ចំពោះករណីធ្ងន់ធ្ងរតម្រូវឱ្យទៅរកការព្យាបាលនៅមន្ទីរពេទ្យឬ មានការស៊ុងក្រពះព្យាបាលជាដើម៕ សុផល