ខេត្ត Mie នៅប្រទេសជប៉ុន គ្រោងដាក់ចេញច្បាប់ថ្មីមួយដើម្បីការពារបុគ្គលិកបម្រើសេវាកម្មពីការបំពានលើសព្រំដែនរបស់ភ្ញៀវ បង្កផលប៉ះពាល់អវិជ្ជមានដល់បរិយាកាសការងារ ដែលជាភាសាជប៉ុនហៅថា «kasuhara»។ ទង្វើដូចជាការស្រែកគំហកដាក់បុគ្គលិក ឬក្រេវក្រោធទាមទារការសុំទោសជាដើម គឺចាត់ទុកចូលជាការបំពានលើបុគ្គលិក។
ក្រោមច្បាប់វិន័យថ្មីនេះដែរ នៅពេលដែលខាងមុខជំនួញមួយប្ដឹងពីករណីបំពានលើបុគ្គលិកពួកគេ នោះខាងអ្នកជំនាញផ្នែកច្បាប់នឹងធ្វើការស៊ើបអង្កេត និង ធ្វើការណែនាំភ្លាម។ ប្រសិនបើទង្វើរបស់បុគ្គលមួយចាត់ចូលជាការបំពានពិតមែន ខាងអភិបាលខេត្តអាចចេញបញ្ជាជាផ្លូវការមួយហាមប្រាមជនជាប់ចោទមិនឱ្យធ្វើទង្វើបែបនោះម្ដងទៀត ហើយប្រសិនបើនៅតែរកឃើញមិនស្របតាមការហាមប្រាមរបស់អាជ្ញាធរ នោះជនជាប់ចោទអាចនឹងប្រឈមការផាកពិន័យជាសាច់ប្រាក់ដល់ ៥០ ម៉ឺនយេន (៣៦០០ ដុល្លារ)។
បើតាមសារព័ត៌មាន The Japan Times ច្បាប់ថ្មីនេះ នឹងពង្រីកការការពារមិនត្រឹមតែលើបុគ្គលិកបម្រើសេវាកម្មឧស្សាហកម្ម ប៉ុន្តែក៏ដាក់អនុវត្តលើមន្ត្រីរាជការ និង គ្រូបង្រៀនផងដែរ។ គួរបញ្ជាក់ដែរថា មន្ត្រីប្រចាំខេត្ត Mie គ្រោងនឹងបញ្ជូនសេចក្ដីព្រាងច្បាប់ទៅកាន់សភាខេត្ត នៅខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ៕