កាលពីព្រឹកព្រលឹមថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) មានហេតុការណ៍បាក់រលំដំបូលក្លឹបរាត្រីមួយកន្លែងនៅក្រុង Santo Domingo ភាគខាងត្បូងសាធារណរដ្ឋដូមីនីក បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៩ នាក់បានបាត់បង់ជីវិត ខណៈ ១៦០ នាក់ផ្សេងទៀតបានរងរបួស។
យ៉ាងណាមិញ គិតមកទល់ពេលនេះតាមរបាយការណ៍ព័ត៌មានបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយហេតុការណ៍ខាងលើបានកើនដល់ ១២៤ នាក់ហើយ ដោយក្នុងនោះរួមមានតារាចម្រៀងល្បីម្នាក់ និង កីឡាករជំនាញលេង baseball ២ នាក់ទៀត។ ជនរងគ្រោះជាតារាចម្រៀងមានឈ្មោះថា Rubby Perez អាយុ ៦៩ ឆ្នាំ ដោយនៅថ្ងៃកើតហេតុរូបលោកកំពុងតែធ្វើការប្រគំតន្ត្រី ហើយក៏ត្រូវដំបូលរលំសង្កត់តែម្ដង។ចំណែកជនរងគ្រោះជាកីឡាករ baseball ម្នាក់មានឈ្មោះ Octavio Dotel និង ម្នាក់ទៀតមានឈ្មោះ Tony Blanco។
គួរឱ្យដឹងថា ក្នុងថ្ងៃកើតហេតុមានមនុស្សសរុបប្រមាណជា ៥០០ ទៅ ១ ពាន់នាក់ចូលកម្សាន្តក្នុងក្លឹបរាត្រីមួយកន្លែងនោះ។ អាជ្ញាធរសាធារណរដ្ឋដូមីនីក បានបញ្ជូនក្រុមសង្គ្រោះចំនួន ៤០០ នាក់ រួមទាំងរថយន្តសង្គ្រោះមួយចំនួនទៀតទៅកាន់កន្លែងកើតហេតុ។ ក្រុមសង្គ្រោះបានព្យាយាមរុករកជនរងគ្រោះដែលជាប់ក្រោមគំនរអគារដែលគេរំពឹងថានៅមានមនុស្សច្រើននាក់ទៀតអាចនៅមានជីវិត ហើយពួកគេនឹងមិនបញ្ឈប់ការរុករកឡើយ លុះត្រាតែរកជនរងគ្រោះចុងក្រោយគេបង្អស់ឃើញ៕