ករណីដ៏រន្ធត់ និង គួរឱ្យបារម្ភមួយសម្រាប់អាណាព្យាបាលដែលមានកូនតូចជក់លេងហ្គេម ដោយថ្មីៗនេះ មានក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ នៅប្រទេសម៉ាឡេស៊ី សង្ស័យត្រូវបងប្រុសបង្កើតអាយុ ៩ ឆ្នាំ យកកូនកាំបិតអារ-ករងរបួសធ្ងន់ធ្ងរ ព្រោះតែខឹងរឿងធ្វើឱ្យខូចទូរស័ព្ទបណ្ដាលឱ្យរូបគេខាតបង់ពិន្ទុអស់ ១ លានលើហ្គេម Roblox។


តាមការស៊ើបអង្កេតបឋមរបស់អាជ្ញាធរ បានបញ្ជាក់ថា បងប្រុសរបស់ជនរងគ្រោះអាចញៀនហ្គេមខ្លាំងរហូតរវើរវាយមានសំឡេងប្រាប់ឱ្យគេវាយប្រហារលើសមាជិកក្រុមគ្រួសារខ្លួនឯង។ បច្ចុប្បន្ន ទាំងជនរងគ្រោះ និង ជនសង្ស័យ កំពុងស្ថិតក្រោមការមើលថែរបស់នាយកដ្ឋានសុខុមាលភាពសង្គម។

ទោះជាយ៉ាងណា ប៉ូលិសនៅមិនទាន់អាចយកចម្លើយអ្វីបានពីជនរងគ្រោះនោះឡើយ ដោយសារតែរូបគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែចំពោះស្ថានភាពវិញ ខាងអាជ្ញាធរបញ្ជាក់ថា ជនរងគ្រោះឥលូវមានស្ថានភាពនឹងនរវិញហើយ។ ការសាកសួរនឹងត្រូវធ្វើឡើងពេលដែលជនរងគ្រោះមានស្ថានភាពល្អប្រសើរ និង ទទួលបានការអនុញ្ញាតពីគ្រូពេទ្យ។ ស្របពេលជាមួយគ្នានោះដែរ ឪពុកម្ដាយរបស់ក្មេងៗទាំងពីរ ក៏ត្រូវបានឃាត់ខ្លួនយកទៅសួរនាំផងដែរ៕

ប្រភព៖ World Of Buzz