ក្រុមអ្នកស៊ើបអង្កេតក្នុងប្រទេសឥណ្ឌាបានធ្វើការពិនិត្យមើលលើកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នកជំងឺនៃពីឡុតម្នាក់ឈ្មោះ Sumeet Sabharwal លើយន្តហោះ Air India ដែលបានធ្លាក់ផ្ទុះឆេះសម្លាប់ជីវិតមនុស្សជាង ២០០ នាក់ ស្របពេលរបាយការណ៍មួយចំនួនបានបញ្ជាក់ថា ពីឡុតរូបនោះគឺជាអ្នកដែលចុចបិទកុងតាក់បញ្ជូនសាំងលើយន្តហោះ។
តាមកាសែតអាមេរិក Wall Street Journal កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ បានស្រង់ប្រភពចំនួន ២ ដែលលើកឡើងពាក់ព័ន្ធនឹងករណីខាងលើ បានឱ្យដឹងថា តាមការសន្ទនារវាងពីឡុតទាំង ២ ដែលថតជាប់ដោយប្រអប់ខ្មៅលើយន្តហោះ បានបង្ហាញថា លោកកាពីទែន Sabharwal អាយុ ៥៦ ឆ្នាំ បានធ្វើការចុចបិទកុងតាក់គ្រប់គ្រងសាំងលើម៉ាស៊ីនទាំងពីរ។ ពីឡុតមួយរូបផ្សេងទៀតឈ្មោះ Clive Kunder អាយុ ៣២ ឆ្នាំ បានសួរទាំងការភ្ញាក់ផ្អើល និង ភ័យស្លុតទៅលោកកាពីទែនរូបនោះថា ហេតុអ្វីបានជាលោកចុចបិទកុងតាក់បញ្ជូនសាំង? តែលោក Sabharwal គឺរក្សាភាពស្ងាត់នឹងធឹងមុនពេលយន្តហោះធ្លាក់ផ្ទុះឆេះសម្លាប់មនុស្ស ២៦០ នាក់។
ព័ត៌មានដែលទទួលបានមកនេះគឺស្របទៅនឹងការពិតថា លោកពីឡុត Kunder គឺជាអ្នកបើកយន្តហោះឡើងហើយដៃទាំងពីររបស់លោកគឺជាប់គ្រប់គ្រងដំណើរការយន្តហោះ ប៉ុន្តែលោកកាពីទែន Sabharwal មានតួនាទីជាអ្នកត្រួតពិនិត្យហើយដៃរបស់លោកទាំងពីរគឺទំនេរ ដូច្នេះលោកគឺងាយស្រួលក្នុងការចុចកាត់ផ្ដាច់កុងតាក់បញ្ជូនសាំង នេះបើតាមការបញ្ជាក់ពីលោកកាពីទែន Mohan Ranganathan អ្នកជំនាញផ្នែកសុវត្ថិភាពអាកាសចរណ៍ឥណ្ឌា។ លោក Ranganathan បានបញ្ជាក់ទៀតថា៖ «ពីឡុត Air India មួយចំនួនបាននិយាយថា លោកកាពីទែន Sabharwal កើតមានជំងឺផ្លូវចិត្ត ហើយក៏មានបញ្ហាពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តខ្លះដែរ។ លោកបានដាក់ច្បាប់ឈឺដោយសារតែបញ្ហានេះ»។
គួរឱ្យដឹងថា លោកកាពីទែន Sabharwal បានទទួលការត្រួតពិនិត្យសុខភាពចុងក្រោយបង្អស់នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ហើយបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Tata Group ដែលជាក្រុមហ៊ុនមេរបស់ Air India ទាំងលោក Sabharwal និង ពីឡុតជាដៃគូ Kunder គឺជាប់ការធ្វើតេស្តសុខភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត។
យ៉ាងណាមិញ ចំពោះករណីនេះ ខាងក្រុមស៊ើបអង្កេតផ្នែកគ្រោះថ្នាក់តាមផ្លូវអាកាសនៅឥណ្ឌា គឺនៅបន្តដំណើរការស៊ើបអង្កេតនៅឡើយ ហើយចំពោះមូលហេតុពិតប្រាកដលើការចុចបិទកុងតាក់បញ្ជូនសាំងពីសំណាក់ពីឡុតយន្តហោះនេះដែរ គឺនៅមិនទាន់អាចសន្និដ្ឋានបញ្ជាក់ជាផ្លូវការនៅឡើយទេ៕
ប្រភព៖ VN Express