ជារឿងដ៏អកុសលមិនគួរឱ្យកើតឡើងមួយ ដោយក្មេងស្រីតូចវ័យត្រឹម ៤ ឆ្នាំម្នាក់នៅប្រទេសម៉ាឡេស៊ី បានបាត់បង់ជីវិត ដោយសារតែឪពុកម្ដាយនាងភ្លេចទុកចោលនៅក្នុងឡាន ខណៈពួកគេចេញទៅញ៉ាំអាហារពេលព្រឹក។
រូបតំណាង
តាមសារព័ត៌មាន Sina Harian បានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ នៅ Tanah Putih សង្កាត់ Gua Musang រដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី ដោយក្មេងស្រីរងគ្រោះបានបាត់បង់ជីវិតដោយសារកម្ដៅ ( heatstroke) ក្រោយឪពុកម្ដាយរបស់នាងភ្លេចទុកនាងចោលនៅក្នុងឡាន ពេលពួកគេចេញទៅញ៉ាំអីពេលព្រឹក។
រូបតំណាង
តាមការបញ្ជាក់ពីមេប៉ូលិសសង្កាត់ Gua Musang បានឱ្យដឹងដែរថា ខាងប៉ូលិសទទួលបានការរាយការណ៍ពីករណីនេះនៅម៉ោង ៣ និង ៥០ នាទីរសៀល ពីបុរសម្នាក់ដែលប្រទះឃើញក្មេងរងគ្រោះ។ បុរសនោះបានរៀបរាប់ថា គាត់ប្រទះឃើញក្មេងរងគ្រោះសន្លប់បាត់មាត់កនៅក្នុងឡាន ហើយក៏នាំនាងទៅមន្ទីរពេទ្យ Gua Musang ប៉ុន្តែអកុសល នាងត្រូវគ្រូពេទ្យប្រកាសថាស្លាប់បាត់ទៅហើយ។
បច្ចុប្បន្ន ប៉ូលិសបន្តស៊ើបអង្កេតលើករណីនេះ និង ចាត់វិធានការទៅតាមនីតិវិធីច្បាប់៕