នារីម្នាក់ក្នុងប្រទេសថៃ កើតការអត់ទ្រាំតទៅទៀតលែងបានក្រោយមានចោររោគចិត្តម្នាក់តែងតែមកលួចខោក្នុងរបស់នាងជាញឹកញាប់រហូតទាល់តែនាងសឹងអស់អ្វីស្លៀក។ នារីរូបនោះមានឈ្មោះថា Kanokwan Sri អាយុ ៣៤ ឆ្នាំ បានទម្លាយឱ្យដឹងថា ចោររោគចិត្តរូបនោះដឹងច្បាស់ពីទីតាំងលួចចូលផ្ទះរបស់នាងដើម្បីលួចខោក្នុងដែលនាងទើបតែបោកសម្អាតហើយថ្មីៗ។
នាងបានឱ្យដឹងថា ថ្ងៃកើតហេតុដំបូងគេគឺនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ២ និង ៤៣ នាទីយប់រំលងអធ្រាត្រ នៅពេលដែលនាង និង ក្រុមគ្រួសារបានដេកលង់លក់អស់។ ចោររូបនោះបានទុកកង់របស់គេក្បែរនោះមុនពេលលួចចូលមកក្នុងផ្ទះលួចខោក្នុងនាងយកទៅ។
ដោយអត់ធ្មត់តទៅទៀតលែងបាន Kanokwan ក៏សម្រេចចិត្តរៀបចំអន្ទាក់ដើម្បីចាប់ចោររោគចិត្តម្នាក់នោះ ដោយនាងបានខ្ចីខោលីអូរបស់ម្ដាយយកមកធ្វើជានុយជំនួសក៏ព្រោះតែខោរបស់នាងត្រូវចោររូបនោះលួចទៅសឹងតែអស់ទៅហើយ។ នាងបានព្យួរខោក្នុងរបស់ម្ដាយនៅលើស្នួខាងក្រៅផ្ទះ ហើយអន្ទាក់របស់នាងមួយនេះពិតជាបានសម្រេច និង ចាប់ចោរលួចខោក្នុងបានដោយជោគជ័យ។
យ៉ាងណាមិញ នាងមិនបានដាក់ពាក្យប្ដឹង ឬប្រគល់ចោររូបនោះទៅឱ្យប៉ូលិសនោះឡើយ ដោយនាងគ្រាន់តែរាយការណ៍ទៅមេភូមិឱ្យមានចំណាត់ការមួយភ្លាមៗដើម្បីសុវត្ថិភាពពលរដ្ឋក្នុងភូមិ រួមទាំងបញ្ចប់សកម្មភាពចោរលួចខោអាវគេហាលនៅពេលយប់តទៅទៀត៕