ក្រុមមនុស្សជំនាន់ Gen Alpha ត្រូវបានបញ្ចប់ហើយកាលពីចុងឆ្នាំ ២០២៤ កន្លងទៅ ដោយក្មេងៗដែលចាប់កំណើតក្នុងឆ្នាំ ២០២៥ នេះ នឹងរាប់ចូលក្នុងក្រុមមនុស្សជំនាន់ថ្មីហៅថា Gen Beta ឬ Generation Beta។
មនុស្សជំនាន់ Gen Beta នឹងរាប់គិតចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣៩ បន្ទាប់ពីសម័យកាលមនុស្សជំនាន់ Gen Alpha ត្រូវបានបញ្ចប់ (ឆ្នាំ ២០១០-២០២៤)។ គួរបញ្ជាក់ថា មុនជំនាន់ Gen Alpha គឺជាក្រុមមនុស្ស Gen Z ដែលរាប់គិតចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១០ ហើយមុន Gen Z គឺ Gen Y ឬ millennials គិតជំនាន់អ្នកកើតចាប់ពីឆ្នាំ ១៩៨១ រហូតដល់ឆ្នាំ ១៩៩៦។
បើតាមការព្យាករណ៍របស់លោក Mark McCrindle អ្នកស្រាវជ្រាវសង្គម បានលើកឡើងថា ក្មេងៗជំនាន់ Beta នឹងធំធាត់ឡើងជាមួយការប្រឈមជាច្រើន។ លោកបានសរសេររៀបរាប់លើ blog របស់ខ្លួនថា ត្រឹមឆ្នាំ ២០៣៥ ក្រុមមនុស្សជំនាន់ Gen Beta នឹងមាន ១៦% នៃចំនួនមនុស្សលើពិភពលោក ហើយនឹងរស់នៅក្នុងពិភពមួយដែលគ្រប់គ្រងដោយបច្ចេកវិទ្យា AI។
លោកបានរៀបរាប់ថា៖ «មនុស្សជំនាន់ Beta នឹងរស់នៅក្នុងរជ្ជកាលមួយដែល AI និង បច្ចេកវិទ្យាទំនើប ត្រូវបានរួមបញ្ចូលពេញលេញក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ រាប់គិតចាប់ពីផ្នែកអប់រំ កន្លែងការងារ រហូតដល់ផ្នែកសុខាភិបាល និង កម្សាន្ត»។ លោកក៏បានព្យាករណ៍ទៀតថា ឪពុកម្ដាយនៃក្មេងៗជំនាន់ Beta (ភាគច្រើនសំដៅលើមនុស្សជំនាន់ Gen Z) អាចនឹងជះឥទ្ធិពលដល់កូនៗរបស់ពួកគេ ដូចជាមនុស្សជំនាន់ Gen Z ដឹងច្បាស់ពីគុណសម្បត្តិ និង វិបត្តិនៃការប្រើប្រាស់បណ្ដាញសង្គម ដូច្នេះពួកគេអាចនឹងធ្វើការកំណត់ការប្រើប្រាស់ទូរស័ព្ទ ឬ ឧបករណ៍អេឡិចត្រូនិចនានាចំពោះកូនៗពួកគេ៕