ថ្មីៗនេះ ពលរដ្ឋនៅតាមឆ្នេរ Vinh Hy ខេត្ត Ninh Thuan ប្រទេសវៀតណាម បាននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយពួកគេបានប្រទះឃើញសត្វត្រីទឹកជ្រៅ Oarfish ដ៏កម្រ ដែលបានទើរមកលើឆ្នេរក្នុងសភាពរបួសកន្ទុយធ្ងន់ធ្ងរ។
តាមសារព័ត៌មាន Kenh14 បានឱ្យដឹងថា សត្វត្រី Oarfish មួយក្បាលនោះមានទំហំធំ និង ប្រវែងរហូតជិត ៣ ម៉ែត្រ ដោយវាមានសភាពដាច់កន្ទុយធ្ងន់ធ្ងរ ប៉ុន្តែនៅមានជីវិតនៅឡើយ។ ក្រុមអ្នកទេសចរ និង ពលរដ្ឋក្នុងតំបន់នោះបាននាំគ្នាព្យាយាមចាប់ត្រីមួយក្បាលនោះដើម្បីប្រលែងចូលទៅក្នុងសមុទ្រវិញ។ បើតាមនាយកដ្ឋានជលផលខេត្ត Ninh Thuan បានបញ្ជាក់ថា ត្រី Oarfish ជាប្រភេទត្រីមួយដែលរស់នៅក្នុងបាតសមុទ្រជ្រៅ និង កម្របង្ហាញខ្លួននៅលើទឹករាក់ៗណាស់។ ដូច្នេះហើយ វត្តមានរបស់វានេះបានធ្វើឱ្យសហគមន៍ក្នុងតំបន់មានការភ្ញាក់ផ្អើល និង ងឿងឆ្ងល់ជាខ្លាំង។
ត្រី oarfish ជាត្រីសម្បូរឆ្អឹងដែលវែងជាងគេបំផុតលើពិភពលោកដោយវាអាចលូតលាស់បានរហូតដល់ប្រវែង ១៧ ម៉ែត្រ និង ទម្ងន់អាចមានដល់ជាង ២៧០ គីឡូក្រាម។ ជាធម្មតា ត្រីប្រភេទនេះរស់នៅតែក្នុងបាតសមុទ្រជម្រៅប្រមាណ ១០០០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពេលខ្លះវាអាចនឹងឡើងមកផ្ទៃទឹកខាងលើដោយសារតែចរន្តទឹកខ្លាំង ឬជួបប្រទះគ្រោះធម្មជាតិណាមួយ។
គួរឱ្យដឹងថា វត្តមានត្រីនេះមកលើគោកគឺជាញឹកញាប់តែងត្រូវបានមនុស្សជឿជាក់ថាជាសញ្ញានៃការកើតមានគ្រោះធម្មជាតិឆាប់ៗ ដូចជាគ្រោះរញ្ជួយដី ឬការកើតមានរលកយក្សស៊ូណាមិ។ យ៉ាងណាមិញ បច្ចុប្បន្ននៅមិនទាន់មានតឹកតាងផ្នែកវិទ្យាសាស្ត្រណាបញ្ជាក់ថាសត្វត្រីនេះ ពិតជាសត្វនាំសារគ្រោះមហន្តរាយមែននោះឡើយ៕