កាលពីយប់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ មានករណីលិចសាឡាងមួយគ្រឿងដឹកមនុស្ស ៦៥ នាក់ឆ្ពោះទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បណ្ដាលឱ្យមនុស្ស ៤៣ នាក់កំពុងបាត់ខ្លួន ខណៈក្រុមសង្គ្រោះកំពុងស្វះស្វែងរុករក។
បើតាមទីភ្នាក់ងាររុករក និង សង្គ្រោះប្រចាំប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា សាឡាងមួយគ្រឿងឈ្មោះ KMP Tunu Pratama Jaya បានលិចចូលសមុទ្រ ក្រោយចាកចេញពីកំពង់ផែ Ketapang ខេត្ត East Java បានប្រមាណជា ៣០ នាទី។ សាឡាងនេះដែរគឺធ្វើដំណើរឆ្ពោះទៅកំពង់ផែ Gilimanuk នៅកោះបាលី ប៉ុន្តែមិនទាន់ដល់ផងក៏ជួបគ្រោះថ្នាក់បែបនេះ។
តាមឱ្យដឹង សាឡាងខាងលើមានមនុស្សលើនោះសរុបចំនួន ៦៥ នាក់ដោយក្នុងនោះអ្នកដំណើរ ៥៣ នាក់ និង បុគ្គលិកលើសាឡាង ១២ នាក់។ ជាមួយគ្នានោះដែរ លើសាឡាងក៏មានយានជំនិះ ២២ គ្រឿង រួមទាំងរថយន្តដឹកទំនិញ ១៤ គ្រឿងផងដែរ។
តាមការលើកឡើងរបស់មេប៉ូលិសក្រុង Banyuwangi សាកសពមនុស្ស ២ នាក់ត្រូវបានរកឃើញ និង មនុស្ស ២០ នាក់បានជួយសង្គ្រោះ។ ភាគច្រើននៃជនរងគ្រោះដែលជួយបានគឺស្ថិតក្នុងសភាពសន្លប់មិនដឹងខ្លួន ក្រោយអណ្ដែតលើផ្ទៃសមុទ្ររាប់ម៉ោង។ ក្រុមសង្គ្រោះនៅតែបន្តរុករកយ៉ាងស្វះស្វែងក្នុងក្ដីសង្ឃឹមរកឃើញអ្នកនៅរស់រានបន្ថែមទៀត៕