នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ នេះ វេលាម៉ោងប្រមាណ ១ កន្លះ ទំនប់វារីអគ្គិសនី Bac Khe 1 នៅក្នុងសហគមន៍ Tan Tien សង្កាត់ Trang Dinh ប្រទេសវៀតណាម បានបាក់ធ្លាយជិតកន្លែងបង្ហូរទឹក។ ស្នាមប្រេះនោះដំបូងឡើយមានសភាពតូចទេ ប៉ុន្តែក្រោយមកក៏ធ្លាយខ្លាំងធំប្រមាណ ៤ ទៅ ៥ ម៉ែត្រ និង ជម្រៅ ៣ ទៅ ៤ ម៉ែត្រ។
ទឹកធ្លាយពីទំនប់បានហូរចាក់ទៅក្រោម ធ្វើឱ្យទឹកទន្លេ Bac Khe និង តាមដងព្រែកនានាហក់ឡើង គំរាមកំហែងដល់តំបន់ពលរដ្ឋរស់នៅជាច្រើន។ ជុំវិញករណីនេះដែរ ខាងអាជ្ញាធរក្នុងសហគមន៍ Tan Tien បានជូនដំណឹងដល់ពលរដ្ឋក្នុងតំបន់ប៉ះពាល់តាមរយៈទូរស័ព្ទ និង កម្មវិធីបណ្ដាញសង្គម ឱ្យធ្វើការជម្លៀសខ្លួនរកកន្លែងមានសុវត្ថិភាព ខណៈបច្ចុប្បន្ន ដងផ្លូវជាតិ 3B ត្រង់ចំណុចមួយចំនួនត្រូវបានកាត់ផ្ដាច់ ធ្វើឱ្យដំណើរការសង្គ្រោះមានភាពលំបាក។
ជុំវិញមូលហេតុបាក់ទំនប់នេះ តាមការលើកឡើងបឋមពីខាងមន្ត្រីសហគមន៍បានបញ្ជាក់ថា បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ទឹកហូរបុកខ្លាំងរហូតធ្វើឱ្យប្រេះទ្វារទំនប់ឈានដល់ការបាក់ទំនប់។ មកទល់ពេលនេះ គឺមិនទាន់មានពលរដ្ឋណាម្នាក់របួស ឬស្លាប់នោះឡើយ ប៉ុន្តែបន្ទប់ត្រួតពិនិត្យក្នុងវារីអគ្គសនី និង សម្ភារខាងក្នុងគឺបានដួលរលំអស់ហើយ៕
ប្រភព៖ VN Express