កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំរដ្ឋ California បានឱ្យដឹងថា ឃ្លាំងស្តុកកាំជ្រួចមួយកន្លែងលើទីវាលនៅ Esparto តំបន់ Yolo ភាគខាងជើងរដ្ឋ California សហរដ្ឋអាមេរិក បានផ្ទុះមួយទំហឹងគួរឱ្យតក់ស្លុតបំផុតកាលពីថ្ងៃទី ០១ ខែកក្កដា បណ្ដាលឱ្យឃ្លាំងត្រូវខ្ទេចអស់ទាំងស្រុង និង មនុស្ស ៧ នាក់កំពុងបាត់ខ្លួន។
ការផ្ទុះឃ្លាំងស្តុកកាំជ្រួចនោះដែរ បានធ្វើឱ្យកាំជ្រួចបន្តផ្ទុះជះបង្កជាអគ្គិភ័យឆាបឆេះបំផ្លិចបំផ្លាញផ្ទៃដីជិត ៣៣ ហិកតានៅដីវាលចម្ការក្បែរគ្នានោះ។ ម្ចាស់ឃ្លាំងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវបានសហការជាមួយក្រុមសង្គ្រោះដើម្បីរុករកមនុស្សទាំង ៧ នាក់ដែលកំពុងបាត់ខ្លួននោះ។
បច្ចុប្បន្ន មិនទាន់ដឹងប្រាកដច្បាស់ឡើយថាជនរងគ្រោះដែលបានបាត់ខ្លួនទាំងនោះជាបុគ្គលិកក្នុងឃ្លាំង ឬក៏ពលរដ្ឋដែលនៅក្បែរនោះឬក៏យ៉ាងណានោះឡើយ។ យ៉ាងណាមិញ មន្ត្រីជំនាញបានប្រាប់ពលរដ្ឋឱ្យភៀសខ្លួនចេញពីទីតាំងកើតហេតុសិន បើទោះជាភ្លើងត្រូវបានគ្រប់គ្រងរួចរាល់ក៏ដោយ ដើម្បីខាងក្រុមការងារជំនាញតាមដានស្ថានការណ៍បន្ត និង រកមូលហេតុបង្កជាការផ្ទុះឆេះនេះឡើង៕