តាមការចេញផ្សាយរបស់សារព័ត៌មានថៃមួយបានឱ្យដឹងថា មេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាត ប្រទេសថៃ បានចោទប្រកាន់កម្ពុជាយើងថា ប្រើប្រាស់កលល្បិចបង្កើតស្ថានការណ៍នាំយកក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្លែងក្លាយ ទៅកាន់តំបន់ព្រំដែន រួចដុតកាំជ្រួចចោទប្រទេសខ្លួនថាគប់គ្រាប់បែកដៃ។

តាមការអះអាងរបស់មេបញ្ជាការខាងលើបានរៀបរាប់ថា អំឡុងពេលនោះ រូបគេក៏ស្ថិតនៅក្នុងតំបន់នោះដែរ ដោយកំពុងចុះពិនិត្យតំបន់នោះ ដើម្បីការពារសន្តិសុខសម្រាប់ប្រតិបត្តិការបោសសម្អាតមីន នៅស្រុក Ban Chamrak សង្កាត់ Chamrak ខេត្តត្រាត។ មេបញ្ជាការរូបនេះបន្តទៀតថា អំឡុងពេលចុះពិនិត្យនោះ គេឃើញមានមនុស្សប្រមាណ ៣០ នាក់ ប្រមូលផ្ដុំនៅទីតាំងខាងភាគីកម្ពុជា ពាក់មួកពណ៌ខៀវ។ គេក៏ប្រើកែវយឹតមើល ហើយមានបង្ហោះដ្រូនដើម្បីថតពីខាងថៃទៅទៀត បន្ទាប់មកក៏ឮសំឡេងផ្ទុះកើតឡើង។

មេបញ្ជាការរូបនោះ ថែមអះអាងទាំងឥតខ្មាសមាត់ទៀតថា ៖ «សរុបជារួមមក វាជាការបង្កើតស្ថានការណ៍ នាំមនុស្សពាក់មួកខៀវមកប្រមូលផ្ដុំនៅទីតាំងមូលដ្ឋាន ដុតកាំជ្រួចបង្កជាសំឡេងផ្ទុះ ហើយចេញព័ត៌មានថាថៃគប់គ្រាប់បែកដៃដាក់ពួកគេ។ បើសិនជាអ្នកទាំងនោះជាក្រុមអ្នកសង្កេតការណ៍ AOT មែននោះ ពួកគេប្រាកដជាដើរទៅបន្ទាត់ព្រំដែនថៃហើយ តែថ្ងៃនេះពួកគេនៅឆ្ងាយប្រមាណ ២០០ ម៉ែត្រ និង ថែម edited រូបភាព យករូបចាស់របស់ក្រុម AOT ពិតប្រាកដចុះមកអង្កេតទីតាំង យកមកប្រឌិតរឿងទៀត។ បើជាក្រុម AOT ពិតប្រាកដ ពួកគេនឹងមករកពួកយើងដើម្បីសម្របសម្រួល និង ស្នើពិនិត្យមើលទីតាំងដូចដែលពួកគេធ្លាប់ធ្វើកន្លងមក តែលើកនេះពួកគេមិនមកនោះទេ។ កម្ពុជាបង្កើតស្ថានការណ៍នេះ នាំមនុស្សមកបន្លំធ្វើក្រុម AOT រួចដុតកាំជ្រួចបង្កសំឡេងខ្លាំងៗ។ នេះជាកលល្បិចក្រុមភារវករប្រើប្រាស់ បង្កើតចចាមអារ៉ាម ចែកចាយព័ត៌មានមិនពិត»។

គួរឱ្យដឹងដែរថា នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិកម្ពុជា បានជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នៅវេលាម៉ោង ១១:០៨ នាទីព្រឹកថ្ងៃនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច ១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងបានបញ្ជាក់ទៀតថា នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ ដូច្នេះដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និង ដកថយត្រឡប់វិញ៕

ប្រភព៖ Khaosod English