នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ ក្រុមហ៊ុន Modus Vivendis បានចេញមកប្រកាសដំណឹងដ៏តក់ស្លុតមួយដោយបញ្ជាក់ថា Miss Universe រុស្ស៊ីប្រចាំឆ្នាំ ២០១៧ នាង Kseniya Alexandrova បានទទួលមរណភាពទៅហើយក្នុងវ័យ ៣១ ឆ្នាំ។
តាមលិខិតប្រកាសពីក្រុមហ៊ុនបានរៀបរាប់ថា៖ «ពួកយើងពិតជាសោកស្ដាយខ្លាំងក្នុងការប្រកាសថា មិត្តរួមការងារក៏ដូចជាមិត្តភក្តិរបស់យើង ម៉ូដែល Ksenia Alexandrova បានចាកចេញពីពួកយើងហើយកាលពីយប់មិញ។ នាងជាមនុស្សឆ្លាត និង មានទេពកោសល្យម្នាក់។ នាងដឹងពីរបៀបលើកទឹកចិត្តគេ គាំទ្រ និង ផ្ដល់ភាពកក់ក្ដៅដល់មនុស្សជុំវិញខ្លួន។ ចំពោះពួកយើង នាងនៅតែជានិមិត្តរូបនៃភាពស្រស់ស្អាត ភាពស្លូតបូត និង ភាពរឹងមាំពីខាងក្នុង»។ បន្ថែមពីនេះ ខាងក្រុមហ៊ុនក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ Kseniya Alexandrova ផងដែរ។
ក្រោយការបង្ហោះប្រកាសដំណឹងដ៏តក់ស្លុតនេះ ក៏ឃើញមានមិត្តរួចការងារ និង មហាជនអ្នកគាំទ្រនាងជាច្រើនបាននាំគ្នាសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុក្ខគ្រប់ៗគ្នា។ ក្រៅពីនេះ ពួកគេក៏ចង់ដឹងពីមូលហេតុស្លាប់ភ្លាមៗរបស់ម៉ូដែលស្រីស្រស់សោភារូបនេះផងដែរ ប៉ុន្តែខាងក្រុមហ៊ុនគឺមិនបានទម្លាយបញ្ជាក់ឡើយ៕
ប្រភព៖ Kenh14