ពលរដ្ឋក្នុងសង្កាត់ Ba Dinh ប្រទេសវៀតណាម មួយរយៈកន្លងទៅបានជួបប្រទះការលំបាកទ្រាំទ្រនឹងក្លិនសំរាមជាខ្លាំង ក្រោយមានមនុស្សយកមកចោលតាមគ្នាគរដូចភ្នំជះក្លិនអសោចយ៉ាងខ្លាំង។ ខាងអាជ្ញាធរក្នុងតំបន់បានរកដំណោះស្រាយដោយដាក់ស្លាកហាមចោលសំរាមនៅទីតាំងដដែលនោះផងដែរ ប៉ុន្តែនៅតែមិនទទួលបានផលនោះឡើយ។
រហូតជម្រើសចុងក្រោយ ខាងអាជ្ញាធរសម្រេចប្រើធម៌ក្ដៅដោយធ្វើការបំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំងនោះ ដើម្បីចាប់អ្នកចោលសំរាមអត់របៀបដើម្បីយកមកផាកពិន័យ ហើយជាលទ្ធផលសង្កេតឃើញថាវិធីសាស្ត្រមួយនេះពិតជាទទួលបានផលមែន ដោយគិតចាប់តាំងពីពេលដាក់មកដល់ពេលនេះរយៈពេល ៣ ខែហើយ នៅទីតាំងដែលធ្លាប់តែមានសំរាមគរដូចភ្នំនោះឥលូវប្រែជាកន្លែងស្អាតភ្លឹងគ្មានសំរាមសូម្បីមួយ។
តាមការរៀបរាប់ពីអ្នកតំណាងសង្កាត់ Ba Dinh បានឱ្យដឹងថា រូបភាពដែលចាប់បានពីកាមេរ៉ាសុវត្ថិភាពនឹងត្រូវបញ្ជូនបន្តទៅឱ្យខាងប៉ុស្តិ៍ប៉ូលិសដើម្បីស្រាវជ្រាវរកមុខអ្នកដែលល្មើសបំរាម ហើយបើតាមច្បាប់ អ្នកដែលបំពានចោលសំរាមខុសកន្លែងនឹងត្រូវផាកពិន័យចំនួន ១.៥ លានដុង (ប្រមាណ ៥៨ ដុល្លារ)៕