បើតាមក្រសួងមហាផ្ទៃ និង ភ្នាក់ងារសង្គ្រោះប្រចាំប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) ជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យមនុស្សច្រើននាក់បាត់បង់ជីវិតក្នុងតំបន់ Sancheong ដោយក្នុងតំបន់នេះមនុស្សចំនួន ១០ នាក់បានបាត់បង់ជីវិត ខណៈ ៤ នាក់កំពុងបាត់ខ្លួន។
ដោយឡែក ជនរងគ្រោះចំនួន ៧ នាក់ផ្សេងទៀតដែលបាត់បង់ជីវិតគឺរាយការណ៍ថាកើតមាននៅតំបន់ Osan និង Gapyeong នាខេត្ត Gyeonggi តំបន់ Seosan នៅខេត្ត South Chungcheong ក្រុង Dangjin នៅខេត្ត South Chungcheong និង នៅក្រុង Gwangju។
បច្ចុប្បន្ន ខាងក្រុមសង្គ្រោះគឺនៅបន្តការសង្គ្រោះនាតំបន់ Sancheong ដោយចំនួនអ្នកស្លាប់អាចនឹងកើនច្រើនជាងនេះទៀត។ គួរបញ្ជាក់ថា ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ចាត់ទុកជាប្រវត្តិសាស្ត្រលើកដំបូងរបស់ប្រទេសកូរ៉េខាងត្បូងដោយតំបន់ Sancheong ត្រូវប្រកាសជម្លៀសពលរដ្ឋចេញទាំងអស់ដោយសារតែជំនន់ទឹកភ្លៀងដ៏អាក្រក់នេះ។ ភាគច្រើននៃជនរងគ្រោះដោយគ្រោះធម្មជាតិខាងលើគឺបាត់បង់ជីវិត និង បាត់ខ្លួនដោយសារតែការរអិលបាក់ដី ការលិចលង់ផ្ទះ និង គ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះដែរ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ លោកប្រធានាធិបតី Lee Jae Myung បានបញ្ជាឱ្យរដ្ឋាភិបាលធ្វើការកំណត់ទីតាំងដែលរងការប៉ះពាល់ធ្ងន់ធ្ងរដាក់ជាតំបន់រងគ្រោះមហន្តរាយឱ្យបានរហ័ស ដើម្បីរដ្ឋាភិបាលអាចបែងចែកជំនួយសម្រាប់ស្ដារការខូចខាត និង ជួយដល់ជនរងគ្រោះ៕