កៀកថ្ងៃផ្ដាច់ព្រ័ត្រ World Cup 2022 គ្រូបង្វឹកជម្រើសជាតិបារាំង ស្រាប់តែទម្លាយស្ថានភាពកីឡាករពាក់ព័ន្ធសុខភាព
នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ នេះ សារព័ត៌មាន Vietnam Posts English បានចុះផ្សាយថា គ្រូបង្វឹកជម្រើសជាតិបារាំង លោក Didier Deschamps បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា «ឥឡូវនេះវាជារដូវកាលផ្តាសាយ ដូចនេះយើងត្រូវប្រុងប្រយ័ត្ន ខណៈដែលកីឡាកររបស់ខ្ញុំបានទទួលរងនូវការផ្លាស់ប្តូរមួយចំនួន ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេអន់ថយបន្តិច»។ លោកបានបន្ថែមទៀតថា «ការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងកីឡដ្ឋានអាចប៉ះពាល់ដល់កីឡាករបារាំង»។
យ៉ាងណាមិញ ក្រៅពីក្រុមបារាំង កីឡាករប្រេស៊ីល និង ស្វីស ក៏បានត្អូញត្អែរពីបញ្ហាស្រដៀងគ្នាដែរ ព្រោះកីឡាករងាយនឹងផ្តាសាយណាស់ ជាពិសេសខណៈពេលហ្វឹកហាត់ក្នុងកីឡដ្ឋាន ព្រោះនៅកីឡដ្ឋានចំនួន ៧ ក្នុងចំណោម ៨ នៅប្រទេសកាតា គឺមានប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលសូម្បីតែរថយន្តនៅកាតាក៏ត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ផងដែរ។
ដូច្នេះហើយ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមបារាំងបានជ្រើសរើសហាត់នៅខាងក្រៅក្នុងវគ្គហ្វឹកចុងក្រោយបង្អស់ ដើម្បីជៀសវាងជំងឺផ្តាសាយ។ ដោយឡែក កាលពីយប់ថ្ងៃ ១៤ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ លោក Dayot Upamecano , Adrian Rabiot និង Kingsley Coman ដែលជាកីឡាករសំខាន់សម្រាប់ក្រុមជម្រើសជាតិបារាំងក្នុងការប្រកួតមុនៗមិនបានចូលប្រកួតប៉ះជាមួយម៉ារ៉ុកទេ ព្រោះពួកគេកើតផ្ដាសាយ។
ទោះជាយ៉ាងណាក៏ដោយ លោក Didier Deschamps នៅតែសង្ឃឹមថា កីឡាករអាចមានសុខភាពល្អទាំងស្រុងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃអាទិត្យ ទី ១៨ នេះ ហើយលោកនឹងព្យាយាមជួយឱ្យកីឡាករបារាំងមានភាពប្រសើរឡើងវិញ ប៉ុន្តែគ្រូបង្វឹករូបនេះនៅតែមិនទាន់ហ៊ានបញ្ជាក់ទេថា កីឡាករទាំងដែលបានកើតផ្ដាសាយទាំង ៣ រូបនឹងអាចចូលរួមការប្រកួតជើងឯកពិភពលោកវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះបានដែរឬអត់ទេ៕
ប្រភព៖ Vietnam Posts English