ស្មានមិនដល់ ទីបំផុត Ronaldo សម្រេចចាកចេញពី Manchester United ហើយ
តាមការចុះផ្សាយជាផ្លូវការរបស់ក្លិបបិសាចក្រហម Manchester United នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានឱ្យដឹងថា Cristiano Ronaldo បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិបហើយ។
ក្នុងនោះក្លិបបាល់ទាត់លំដាប់យក្សខាងលើ ក៏បានថ្លែងអំណរគុណទៅកាន់ប្រធានក្រុមព័រទុយហ្គាល់ គឺកីឡាករ Cristiano Ronaldo សម្រាប់ការរួមចំណែកដ៏ធំធេងរបស់លោក ដោយលោកបានរកគ្រាប់បាល់ឱ្យក្លិបបាន ១៤៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤៦ ប្រកួត។
មិនត្រឹមតែប៉ុណ្ណោះ ក្លិបក៏បានសូមជូនពរ Cristiano Ronaldo ព្រមទាំងក្រុមគ្រួសាររបស់លោកឱ្យមានសុខភាពល្អផងដែរ ។
លើសពីនេះទៅទៀតនោះ Manchester United ក៏បន្តបញ្ជាក់ថាក្លិបនៅតែផ្តោតលើការដឹកនាំយ៉ាងជោគជ័យរបស់លោក Erik ten Hag បើទោះបីជាមានការរិះគន់ពីខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ព័រទុយហ្គាល់ ចំពោះការគ្រប់គ្រង និង ការដឹកនាំរបស់គ្រូបង្វឹករូបនេះក៏ដោយ៕